
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម នៅថ្ងៃចន្ទ (ទី១០ ខែមិថុនា) នេះ បានឲ្យដឹងថា ទឹកជំនន់ និងបំណាក់ដី នៅភាគខាងជើងប្រទេស បានសម្លាប់មនុស្ស ៣នាក់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលផ្ទះរាប់ខ្នងនៅផ្នែកខ្លះ ត្រូវបានទឹកជន់លិច។
រូបភាពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញឲ្យឃើញទឹកហូរធ្លាក់តាមផ្លូវចោតរបស់ខេត្ត Ha Giang ដែលជាទីកន្លែងដ៏ពេញនិយមរបស់អ្នកធ្វើដំណើរកម្សាន្តតាមទោចក្រយានយន្ត ដោយគេឃើញរថយន្តក្រឡាប់ និងត្រូវទុកចោលក្នុងទឹកជំនន់នោះ។ រូបភាពនោះបង្ហាញឲ្យឃើញពីប្រជាជន នៅទីក្រុង Ha Giang ដែលឈរនៅលើដំបូលផ្ទះរង់ចាំការជួយសង្គ្រោះផងដែរ។
គួរបញ្ជាក់ថា មានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ ក្នុងខេត្តនេះ តាំងពីថ្ងៃសៅរ៍ (ទី៨ ខែមិថុនា) មកម៉្លេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ផ្ទះរាប់ពាន់ត្រូវបានលិចក្នុងទឹកដោយផ្នែកៗ ហើយផ្លូវជាច្រើនបានរងការខូចខាត។
បើយោងតាមសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់អាជ្ញាធរខេត្ត បានឲ្យដឹងថា កម្រិតទឹកឡើងខ្ពស់នៅលើទន្លេ Lo បានបង្កឲ្យមាន «ទឹកជំនន់ និងបំណាក់ដី»។ សេចក្តីថ្លែងការណ៍នោះបានបន្តថា ការចូលទៅកាន់ឃុំចំនួន ៣ ជាប់ព្រំដែនប្រទេសចិន ត្រូវបានកាត់ផ្តាច់ដោយសារការបំណាក់ដី។
យោងតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Voice of Vietnam ដែលគ្រប់គ្រងដោយរដ្ឋ បានឲ្យដឹងថា មនុស្ស ៣នាក់បានបាត់បង់ជីវិត បន្ទាប់ពីត្រូវបានទឹកជំនន់ហូរនាំទៅ ឬកប់នៅក្នុងការបំណាក់ដី៕