កែប ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ព្រមទាំងពិនិត្យ ព្យាបាលជំងឺ ចែកឱសថ ទឹកសុទ្ធ នំប៉័ង ជូនបងប្អូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម បានចំនួន២៦៧៩នាក់ ស្រ្តីមានចំនួន ១៧៦៥ នាក់ នៅអនុវិទ្យាល័យ ពងទឹក ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តមឱសថការី ម៉ែន សុធី អនុប្រធានប្រតិបត្តិទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តកែបនិងជាប្រធានមន្ទីរសុខាភិបាលខេត្តកែប បានឲ្យដឹងថា ថ្ងៃនេះដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងដឹកនាំសម្របសម្រួល ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន១៥២នាក់ ព្រមទាំងនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងក្រុមការងារ។ ជាពិសេសតាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ។
នាឱកាសនោះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ដកែប រួមនិងប្រជាពលរដ្ឋ មានសេចកី្តរីករាយដែលបានទទួលស្វាគមន៍ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រី្តក្រសួងមុខងារសាធារណៈ ដែលបានសហការជាមួយអាជ្ញាធរខេត្តកែប ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ ឥតគិតថវិកាបេសកកម្ម ទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់លើសផែនការ។ ចំណុចថ្មីមួយដ៏សំខាន់ទៀតនោះ ក៏ដូចជាការគាំទ្រយ៉ាងខ្លាំងក្លាពីបងប្អូនប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ក្នុងខេត្តកែប ដែលស្ថិតក្នុងគម្រោងមួយ គឺព្រែកជីក «ហ្វូណន តេជោ» មានក្តីសប្បាយរីករាយ និងទន្ទឹងរងចាំយ៉ាងអន្ទះសាជាទីបំផុត នូវសមិទ្ធផលជាប្រវតិ្តសាស្រ្ត ដែលមានផលប្រយោជន៍ទៅលើការកាត់បន្ថយ នៃការចំណាយ ផ្នែកដឹកជញ្ជូនផ្លូវទឹក មានផលប្រយោជន៍ទៅលើការស្រោចស្រពកសិកម្ម ផលប្រយោជន៍ទៅលើការធ្វើវារីវប្បកម្ម ជាពិសេសមានផលប្រយោជន៍ធំធេងសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្តោយព្រែកជីក «ហ្វូណន តេជោ» មិនតិចជាង១លាននាក់ និងផលប្រយោជន៍ប្រទេសជាតិទាំងមូល។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ ទន្ទឹមនឹងនោះក្នុងរយៈពេល ១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ៨ មិថុនា ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកា ចំនួន ១២,០៦៩នាក់ (មួយម៉ឺន ពីរពាន់ ហុកសិប ប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៤៩៥នាក់ (ប្រាំមួយពាន់បួនរយកៅសិបប្រាំនាក់) ដែលមាន២៨សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និង សាកលវិទ្យាល័យ ចំនួន៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន ២០០៩លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣,២២៥,៥២៦នាក់ (ដប់បីលានម្ភៃពីរម៉ឺន ប្រាំពាន់ ប្រាំរយ ម្ភៃប្រាំមួយ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៧៧១,៣៣១នាក់ (ប្រាំមួយលាន ចិតសិបប្រាំពីរម៉ឺន មួយពាន់បីរយសាមសិបមួយ នាក់) គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ច្រើនជាង៣ ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦១,២៧៦,៣០០ដុល្លារ (ប្រាំមួយរយហុកសិបមួយលាន ម្ភៃប្រាំពីរម៉ឺន ប្រាំមួយពាន់ បីរយ ដុល្លារសហរដ្ឋអាមេរិក)។ រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១០,៣៦៨ដូស(ដប់មួយលានកៅសិបមួយម៉ឺនបីរយហុកសិបប្រាំបីដូស) ក្នុង២៥រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។
ឯកឧត្តម លេង ផាលី បានសង្កត់ធ្ងន់ថា ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។ បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
អត្ថបទ៖ រដ្ឋា
























