
រដ្ឋាភិបាលស្វីស នៅថ្ងៃចន្ទ (ទី១០ ខែមិថុនា) បាននិយាយថា រដ្ឋ និងអង្គការចំនួន ៩០ បានចុះឈ្មោះចូលរួមនៅក្នុងកិច្ចប្រជុំកំពូល ដែលត្រូវបានប្រារព្ធឡើងក្នុងគោលបំណងបើកផ្លូវឲ្យមានសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន ដែលប្រទេសស្វីសនឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី ១៥-១៦ ខែមិថុនា។
គួរបញ្ជាក់ថា រុស្ស៊ីមិនត្រូវបានអញ្ជើញឲ្យចូលរួមនោះទេ ក្នុងកិច្ចប្រជុំកំពូលនេះ ដែលនឹងត្រូវធ្វើឡើងនៅភាគកណ្តាលប្រទេសស្វីស ប៉ុន្តែរដ្ឋាភិបាល បានឲ្យនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការជួបជុំគ្នានេះ នឹងមានបំណង «រួមគ្នាកំណត់ផែនទីបង្ហាញផ្លូវ» ស្ដីអំពីរបៀបនៃចូលរួម ទាំងពីប្រទេសនេះ និងអ៊ុយក្រែន ក្នុងដំណើរការសន្តិភាព នាពេលអនាគត។
កាលពីខែមករា ស្វីសបានយល់ព្រមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ តាមការស្នើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ហើយបានព្យាយាមប្រមែប្រមូលការគាំទ្រ សម្រាប់កិច្ចប្រជុំនេះ ក្នុងចំណោមប្រទេសដែលមានទំនាក់ទំនងល្អជាមួយទីក្រុងមូស្គូ ជាជាងប្រទេសមហាអំណាចឈានមុខ នៅលោកខាងលិច។
រុស្ស៊ីបានសើចចំអកដល់ជំនួបកំពូលនេះ ដោយលើកឡើងថា ជាការខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍។ ប្រទេសស្វីសនិយាយថា ប្រទេសនេះមិនត្រូវបានអញ្ជើញឲ្យចូលរួម ដោយសារមានសញ្ញាបង្ហាញថា ប្រទេសនេះមិនមានចំណាប់អារម្មណ៍ ក្នុងការចូលរួម។ តែយ៉ាងណាក្ដី ស្វីសក៏សង្កត់ធ្ងន់ដែរថា រុស្ស៊ីត្រូវតែជាផ្នែកនៃដំណើរការសន្តិភាពនេះ៕