ភ្នំពេញ ៖ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានបញ្ជាក់ថា បើតាមការបង្ហាញរបស់ទីភ្នាក់ងារស្រាវជ្រាវ ជំងឺមហារីកអន្តរជាតិរបស់អង្គការសុខភាពពិភពលោក ក្នុងឆ្នាំ២០២២ បានបង្ហាញថាជំងឺមហារីកលើ "ក និងក្បាល"ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីជំងឺមហារីកសួត និងសុដន់ ដែលមានចំនួនច្រើនគួរឱ្យកត់សម្គាល់។
ការថ្លែងរបស់លោកសាស្ត្រាចារ្យរង លូ លីឃាង យ៉ាងដូច្នេះ នាឱកាសដែលមនី្ទរពេទ្យព្រះអង្គឌួង បានរៀបចំធ្វើបទបង្ហាញ ស្តីពីជំងឺមហារីកដែលកើតឡើងនៅលើ "ក និងក្បាល និង HPV" នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ។
លោកសាស្ត្រាចារ្យរង លូ លីឃាង បានបន្តថា បច្ចុប្បន្ននេះ កំណើនអ្នកជំងឺមហារីក បានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសអ្នកជំងឺមហារីកនៅលើ "ក និងក្បាល" ដែលបានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។ បន្ថែមពី លើនេះទៀត ដោយសារតែការចម្លងមេរោគ HPV ក៏ជាកត្តារួមចំណែកក្នុងការបង្កើនឱ្យមានជំងឺមហារីក "ក និងក្បាល" នៅកម្ពុជាផងដែរ។ ហេតុដូច្នេះ ក្នុងការបង្ការការរីករាលដាលមេរោគ HPV មានតែការប្រឹងប្រែងផ្សព្វផ្សាយក្នុងការចាក់វ៉ាក់សាំងបង្ការមេរោគ HPV តែប៉ុណ្ណោះ ដែលជាវិធីសាស្ត្រដ៏ល្អមួយ។ ដូច្នេះ គោលបំណងសំខាន់នៃបទបង្ហាញនេះ គឺបង្កើននូវសុខមាលភាពសាធារណៈចំពោះអ្នកជំងឺមហារីក "ក និងក្បាល និងជំងឺ HPV" ។ ទីពីរ គឺការចូលរួមពិភាក្សាពីគ្រប់ឯកទេសផ្សេងៗដែលពាក់ព័ន្ធនឹងជំងឺមហារីក "ក និងក្បាល" ក៏ដូចជាធ្វើឱ្យមានសុខដុមនីយកម្មឯកទេសពាក់ព័ន្ធ។
នៅក្នុងថ្ងៃនេះលោកសាស្ត្រាចារ្យរង លូ លីឃាង ពិតជាមានមោទនភាព ក្នុងការបង្ហាញលទ្ធផលដែលបានមកពីការខិតខំសិក្សាស្រាវជ្រាវ លើករណីគ្លីនិក ក៏ដូចជាប្រេវ៉ាឡង់ និងការរីករាលដាលនៃមេរោគ HPV ដែលរួមចំណែកបង្កឱ្យជំងឺមហារីក "ក និង ក្បាល" លើប្រជាជនកម្ពុជា។ លោកសាស្ត្រាចារ្យរង សង្ឃឹមយ៉ាងមុតមាំថា ការធ្វើបទបង្ហាញនៅក្នុងថ្ងៃនេះ នឹងរួមចំណែកយ៉ាង សំខាន់ដល់អ្នកផ្តល់សេវាសុខាភិបាលរបស់យើងនៅក្នុងប្រទេសកម្ពុជា ដើម្បីបន្តធ្វើបច្ចុប្បន្នភាពលើជំនាញគ្លីនិក ការស្រាវជ្រាវ និងការព្យាបាលថ្មីៗ ដែលនឹងធ្វើឱ្យប្រសើរឡើងនូវការថែទាំ និងផ្តល់សេវាសុខាភិបាលដល់ប្រជាជនកម្ពុជារបស់យើង។
លោកសាស្ត្រាចារ្យជំនួយ ផាន់ សាន់ដេត នាយករងមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានសមាគមគ្រូពេទ្យវះកាត់មុខមាត់ និងឆ្អឹងថ្គាមកម្ពុជា បានលើកឡើងថា គោលបំណងនៃបទបង្ហាញស្តីពីជំងឺមហារីក ដែលបង្កឡើងដោយHPV និងជម្រុញឲ្យធ្វើការសិក្សាស្រាវជ្រាវជាសកលទៅលើការរុករកនូវ HPV Vaccination សម្រាប់មហារីកតំបន់ ក និងក្បាល (OSCC) និងបង្ហាញពីតម្រូវការនៃការចូលរួមរបស់អ្នកឯកទេសជំនាញ ក្នុងការសិក្សាស្រាវជ្រាវថ្មី នៃHPV Vaccine ទៅលើ OSCC សំរាប់ថ្នាក់ជាតិ។ ក៏សូមថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ដែលតែងតែគាំទ្រដល់ការសិក្សាស្រាវជ្រាវថ្មីៗ សម្រាប់ជាគុណប្រយោជន៍ដល់វិស័យវះកាត់ ក និងក្បាល នៅកម្ពុជា និងជួយសម្រួលបន្ទុកបញ្ហាជំងឺមហារីក នៅតំបន់ ក និងក្បាល របស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ រដ្ឋា




















