
ភ្នំពេញ៖ ដោយមានការណែនាំពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ អាជ្ញាធរខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ចុះជាប្រចាំឲ្យមានរបៀបរៀបរយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ ដើម្បីលើកសោភ័ណភាពទីក្រុង កាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាចិញ្ជើមផ្លូវទុកសម្រាប់ អ្នកដំណើរថ្មើជើង ឬជនពិការភាពធ្វើដំណើរ។
ជាក់ស្ដែងថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយចាត់អោយលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ លោកវរសេនីយ៍ទោ ជួន វិចិត្រ អធិការរងខណ្ឌ លោក កែម ហេង ប្រធានស្តីទី ផ្នែកសណ្តាប់ធ្នាប់ខណ្ឌ ដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចុះរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវ ក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិត ផ្លូវលេខ៩០០ ៩៣ ១០៦ ១០៨ ១៣០ ១៣៦ ៧០ ៨៨ ៤៧ ១៤៤ ១៤៨ បានចាក់សោរទុកនៅនឹងកន្លែងចំនួន ០២គ្រឿង ឃាត់រថយន្តធុនធំចំនួន ០៣គ្រឿង និងឃាត់រថយន្តតាក់ស៊ីចំនួន ០១គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ និងបន្តការផ្សព្វផ្សាយហាមការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។
បន្ថែមទៀតនោះកម្លាំងអាជ្ញាធរខណ្ឌធ្វើកំណត់ហេតុ និងកិច្ចសន្យាកាត់សំយ៉ាបបានចំនួន ០៣ទីតាំង ហើយម្ចាស់ទីតាំង បានចូលរួមកាត់សំយ៉ាបដោយស្ម័គ្រចិត្តបានចំនួន ០៦ទីតាំង។
ជាចុងក្រោយអាជ្ញាធរខណ្ឌ សូមសំនូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នាក្នុងមូលដ្ឋានចូលរួមបញ្ចេញសម្រាមអោយទាន់ម៉ោង និងចូលរួមរក្សារចិញ្ជើមផ្លូវសាធារណៈ បញ្ឈប់ការចតរថយន្តឥតសណ្ដាប់ធ្នាប់បន្តទៀត បើដូច្នេះទេ អាជ្ញាធរនឹងធ្វើការស្ទួច ឬចាក់សោរកង់រួចនាំយកមកផាកពិន័យតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ




