
នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បានជួបពិភាក្សាការងារជាមួយសមភាគីចិនលោក Wang Yi នៅក្រៅកិច្ចប្រជុំកំពូលក្រុមរដ្ឋមន្រ្តីការបរទេស BRICS ដែលធ្វើម្ចាស់ផ្ទះដោយរុស្ស៊ីនៅទីក្រុង Nizhny Novgorod ។
យោងតាមការបញ្ចេញព័ត៌មានរបស់ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា លោក Lavrov និងលោក Wang បានពិភាក្សាលើបញ្ហាជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍបន្ថែមទៀតរបស់ក្រុមប្រទេស BRICS ដែលរួមទាំងគំនិតនៃការអនុញ្ញាតឲ្យមានការចូលជាសមាជិករបស់ប្រទេសថ្មីនៅក្នុងក្រុមមួយនេះ ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំធំបំផុតរបស់រុស្ស៊ីដែលរៀបចំឡើងនៅទីក្រុង St. Petersburg កាលពីថ្ងៃសុក្រសប្តាហ៍មុនថា ទីក្រុងម៉ូស្គូ នឹងធ្វើការជាមួយដៃគូការបទេសរបស់ខ្លួននៅក្នុងផែនការរបស់ក្រុមប្រទេស BRICS ដើម្បីបង្កើនការប្រើប្រាស់រូបិយប័ណ្ណជាតិ នៅក្នុងការដោះស្រាយពាណិជ្ជកម្មបរទេស ៕