
ក្រុមជំនួយអន្តរជាតិ បាននិយាយថា ក្រុមទាហានប៉ារ៉ានៃកងកម្លាំងគាំទ្ររហ័ស (RSF) ដែលប្រយុទ្ធជាមួយយោធាស៊ូដង់អស់រយៈពេលជាងមួយឆ្នាំ បានបាញ់ប្រហារ និងលួចសម្ភារៈពីមន្ទីរពេទ្យមួយកន្លែង នៅតំបន់ ដាហ្វឺ (Darfur)ភាគខាងលិច ដោយបង្ខំឲ្យមន្ទីរពេទ្យនេះត្រូវបានបិទ។
អង្គការគ្រូពេទ្យគ្មានព្រំដែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងគាំទ្ររហ័ស (RSF) បានវាយប្រហារមន្ទីរពេទ្យភាគខាងត្បូងក្នុងទីក្រុង al-Fasher ជារដ្ឋធានីនៃខេត្ត North Darfur កាលពីថ្ងៃអាទិត្យ ដោយបានបើកការបាញ់ប្រហារ ទៅលើបុគ្គលិកពេទ្យ និងអ្នកជំងឺ។
ការវាយប្រហារនេះ បានកើតឡើង នៅពេលដែលក្រុមនេះ បានបង្កើនការវាយលុករបស់ខ្លួន ដើម្បីព្យាយាមដណ្តើមយកការគ្រប់គ្រងទីក្រុង ដែលជាបន្ទាយចុងក្រោយរបស់យោធា នៅក្នុងតំបន់ដាហ្វឺដ៏ធំល្វឹងល្វើយ។ ការប្រយុទ្ធគ្នាពីរសប្តាហ៍កាលពីខែមុននៅក្នុង និងជុំវិញ al-Fasher បានសម្លាប់មនុស្សជាង ១២០នាក់។
ទន្ទឹមនឹងនេះ យោធាបានចងសម្ព័ន្ធភាពជាមួយក្រុមឧទ្ទាម និងបានបង្កើតកងកម្លាំងរួមមួយ ដើម្បីបន្តការគ្រប់គ្រងទីក្រុង ជាទីដែលជនភៀសខ្លួនរាប់សែននាក់ បានជ្រកកោន ចាប់តាំងពីជម្លោះ បានចាប់ផ្តើម។