
មន្ត្រីយោធាជាន់ខ្ពស់អ៊ុយក្រែនម្នាក់ បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែន អាចនឹងរក្សាទុកយន្តហោះចម្បាំង F-16 មួយចំនួនដែលខ្លួនត្រៀមទទួលពីសម្ព័ន្ធមិត្តលោកខាងលិចនៅឯមូលដ្ឋានបរទេស ដើម្បីការពារពួកវា ពីការវាយប្រហាររបស់រុស្ស៊ី។
បែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ និងន័រវែស បានប្តេជ្ញាផ្តល់ឲ្យអ៊ុយក្រែននូវយន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិកជាង ៦០ គ្រឿង ដើម្បីជួយប្រទេសនេះទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។ អ្នកបើកយន្តហោះអ៊ុយក្រែនបច្ចុប្បន្ន កំពុងទទួលការបណ្តុះបណ្តាល ដើម្បីបើកយន្តហោះចម្បាំង មុនពេលការចែកចាយដែលរំពឹងថា នឹងចាប់ផ្តើម នៅចុងឆ្នាំនេះ។
លោក Serhii Holubtsov ប្រធានផ្នែកអាកាសចរណ៍នៅក្នុងកងកម្លាំងអាកាសរបស់អ៊ុយក្រែន បាននិយាយថា៖«យន្តហោះមួយចំនួន នឹងត្រូវរក្សាទុកនៅមូលដ្ឋានទ័ពអាកាសដែលមានសុវត្ថិភាព នៅខាងក្រៅអ៊ុយក្រែន ដើម្បីកុំឲ្យពួកវាត្រូវបានកំណត់គោលដៅ នៅទីនេះ» ។
លោក Holubtsov បានប្រាប់វិទ្យុ Radio Free Europe / Radio Liberty ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកថា យន្តហោះ F-16 ទាំងនោះ អាចត្រូវបានគេប្រើប្រាស់ ដើម្បីជំនួសយន្តហោះដែលខូច ខណៈដែលពួកគេ កំពុងធ្វើការជួសជុល ក៏ដូចជាសម្រាប់បណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន នៅបរទេស។
លោកបាននិយាយថា៖«តាមវិធីនេះ យើងតែងតែអាចមានយន្តហោះមួយចំនួន នៅក្នុងកងនាវាប្រតិបត្តិការ ដែលត្រូវនឹងចំនួនអាកាសយានិក ដែលយើងមាន» «ប្រសិនបើមានអាកាសយានិក កាន់តែច្រើន នឹងមានយន្តហោះកាន់តែច្រើន នៅក្នុងអ៊ុយក្រែន»។