
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អ្នកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg ថា គោលនយោបាយនុយក្លេអ៊ែររបស់រុស្ស៊ី អាចត្រូវបានផ្លាស់ប្តូរ ដើម្បីអនុញ្ញាតឲ្យមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ កាន់តែទូលំទូលាយ។
លោក ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា៖«គោលនយោបាយនេះ គឺជាឧបករណ៍ជំនួយសម្រាប់ការរស់នៅ ហើយយើងកំពុងមើលដោយប្រុងប្រយ័ត្ននូវអ្វីដែលកំពុងកើតឡើង នៅក្នុងពិភពលោកជុំវិញយើង ហើយកុំបដិសេធមិនធ្វើការផ្លាស់ប្តូរខ្លះចំពោះគោលគោលការណ៍នេះ»។ នេះបើយោងតាមអង្គការព័ត៌មានរដ្ឋរបស់រុស្ស៊ី RIA Novosti។
លោក ពូទីន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីសុន្ទរកថារបស់ខ្លួនថា៖«ប្រសិនបើសកម្មភាពរបស់នរណាម្នាក់ គំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង យើងចាត់ទុកថា វាអាចទៅរួចសម្រាប់យើង ក្នុងការប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីដោះស្រាយ» ។ «ចំណាត់ការនេះ មិនគួរត្រូវបានធ្វើឡើងដោយងាយៗនោះទេ»។
លោកពូទីន បាននិយាយថា ខ្លួនមិនគិតថា «ករណីបែបនេះ បានកើតឡើងទេ» ប៉ុន្តែបានបន្ថែមថា វាជាកំហុសសម្រាប់ «លោកខាងលិច» ដែលគិតថា រុស្ស៊ី នឹងមិនប្រើអាវុធនុយក្លេអ៊ែររបស់ខ្លួននោះ។
លោក ពូទីន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា គោនយោបាយក្លេអ៊ែររបស់រុស្ស៊ី អនុញ្ញាតឲ្យប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើប្រទេសមួយផ្សេងទៀត ប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងរុស្ស៊ី ឬប្រសិនបើ «ស្ថិរភាពរបស់ប្រទេសនេះ ត្រូវបានគំរាមកំហែង»។