
រដ្ឋភាគខាងជើង Chihuahua របស់ម៉ិកស៊ិក កំពុងប្រឈមគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលបានធ្វើឲ្យរីងអាងស្តុកទឹក បង្កហានិភ័យខ្លាំងដល់វិស័យកសិកម្ម និងបសុសត្វនៅតំបន់នោះ ។
នៅទីក្រុង Guerrero ដែលជាទីក្រុងល្បីឈ្មោះខាងផលិតផ្លែប៉ោង គ្រាប់ធញ្ញជាតិ និងដំណាំចំណីសត្វនោះ អាងស្តុកទឹក Abraham Gonzalez ប្រតិបត្តិការតែ ១៩ភាគរយប៉ុណ្ណោះនៃសមត្ថភាពស្តុកទឹករបស់វា ។ ស្រទាប់បាតអាងស្តុកទឹក បានបែកក្រហែងដោយសារតែកំដៅព្រះអាទិត្យ ។
គ្រោះរាំងស្ងួត បានកើតមាននៅទូទាំងរដ្ឋ Chihuahua ដែលជារដ្ឋធំបំផុតរបស់ម៉ិកស៊ិក គ្របដណ្តប់លើវាលខ្សាច់ និងដីកសិកម្មមានជីជាតិ ដែលពឹងផ្អែកលើទឹកភ្លៀងបានស្តុក ។
នៅទីក្រុង Julimes ក្រុមអ្នកគង្វាលគោក្របី បានកៀងគោក្របីរបស់ពួកគេ រកទីកន្លែងដែលមានស្មៅ ។ គោក្របីរបស់ពួកគេខ្សោយ និងខ្វះចំណីស៊ី ។ កសិករមួយចំនួន បានបង្ខំចិត្តលក់គោក្របីរបស់ពួកគេ ដោយសារតែខ្វះទឹក និងគ្មានវាលស្មៅ ។
យោងតាមតួលេខរដ្ឋាភិបាល បានឲ្យដឹងថា ជិត ៩០ភាគរយនៃប្រទេសម៉ិកស៊ិក ជួបគ្រោះរាំងស្ងួតបែបនេះ ធ្វើឲ្យវាក្លាយជាអត្រាខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០១១ ៕