
ប្រទេសបេឡារុស នៅថ្ងៃចន្ទ (ទី១០ ខែមិថុនា) បាននិយាយថា កងទ័ពរបស់ខ្លួនកំពុងចូលរួមក្នុងដំណាក់កាលទី២ នៃសមយុទ្ធរុស្ស៊ី ដែលបញ្ជាដោយប្រធានាធិបតី លោក Vladimir Putin ដើម្បីអនុវត្តការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាកទិក។
ដំណាក់កាលដំបូងនៃសមយុទ្ធនេះ ត្រូវបានធ្វើឡើងនៅភាគខាងត្បូងប្រទេសរុស្ស៊ី កាលពីខែមុន ជាអ្វីដែលអ្នកវិភាគនុយក្លេអ៊ែរ បាននិយាយថា គឺជាសញ្ញាព្រមានរបស់លោក Putin ក្នុងគោលបំណងទប់ស្កាត់លោកខាងលិចមិនឲ្យចូលកាន់តែជ្រៅទៅក្នុងសង្គ្រាម នៅប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិបេឡារុស លោកឧត្តមសេនីយ៍ឯក Viktor Khrenin បាននិយាយថា សមយុទ្ធនេះ គឺជាវិធានការសកម្មត្រៀមមុន ដើម្បី «បង្កើនការត្រៀមខ្លួនរបស់យើង ក្នុងការប្រើប្រាស់អាវុធ ដែលត្រូវបានឲ្យឈ្មោះថា សងសឹក។ លោកបានប្រាប់ថា៖ «ពេលនេះ គឺលើសពេលណាៗទាំងអស់ ដោយយើងប្តេជ្ញាឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយដែលបង្កឡើង ទាំងចំពោះប្រទេសរបស់យើង និងរដ្ឋសហភាព រវាងប្រទេសរុស្ស៊ី និងបេឡារុស»។
តែយ៉ាងណាក្ដី លោកមិនបានបញ្ជាក់ថា តើសមយុទ្ធនោះប្រព្រឹត្តនៅទីណា ឬអាវុធប្រភេទណាត្រូវបានប្រើប្រាស់។ ប្រទេសបេឡារុស មានព្រំប្រទល់ជាប់ប្រទេសជាសមាជិករបស់អង្គការណាតូ (NATO) ចំនួន៣ គឺប៉ូឡូញ លីទុយអានី និងឡាតវី។
គួរបញ្ជាក់ថា លោក Putin និងមេដឹកនាំបេឡារុស លោក Alexander Lukashenko បានប្រកាសកាលពីឆ្នាំមុនថា រុស្ស៊ីកំពុងផ្លាស់អាវុធនុយក្លេអ៊ែរតាកតិកមួយចំនួនរបស់ខ្លួនទៅកាន់ប្រទេសបេឡារុស។ ទាំងនេះគឺជាក្បាលគ្រាប់ដែលត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ក្នុងសមរភូមិ ពោលគឺខុសពីអាវុធតាកតិករយៈចម្ងាយឆ្ងាយ ដែលប្រើក្នុងបំណងកម្ទេចទីក្រុងសត្រូវទាំងមូល៕