
ឆ្មាំសមុទ្រតៃវ៉ាន់ នៅថ្ងៃចន្ទ (ទី១០ ខែមិថុនា) នេះ បាននិយាយថា កោះតៃវ៉ាន់បានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ដែលបានបើកបរទូកល្បឿនលឿនចូលទៅក្នុងកំពង់ផែមួយនៅមាត់ទន្លេ ដោយតម្រង់ឆ្ពោះទៅទីក្រុងតៃប៉ិ ដែលជាការចូលដោយខុសច្បាប់។
គួរបញ្ជាក់ថា កោះតៃវ៉ាន់បន្តការឃ្លាំមើលយ៉ាងខ្ជាប់ខ្ជួនលើដែនទឹក និងដែនអាកាសរបស់ខ្លួន ដោយសារតែមានភាពតានតឹងជាមួយប្រទេសចិនដែលចាត់ទុកកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថា ជាដែនដីរបស់ខ្លួន។
ឆ្មាំឆ្នេរសមុទ្រកោះតៃវ៉ាន់ បានប្រាប់ថា នាវាគួរឲ្យសង្ស័យមួយត្រូវបានប្រទះឃើញ កាលពីព្រឹកថ្ងៃអាទិត្យ (ទី១០ ខែមិថុនា) ចម្ងាយ ១១គីឡូម៉ែត្រពីឆ្នេរសមុទ្រ Tamsui នៅភាគខាងជើងកោះតៃវ៉ាន់។ បន្ទាប់ពីបើកបរចូលទៅក្នុងទន្លេ Tamsui ដែលធ្វើដំណើរតម្រង់ទៅទីក្រុងតៃប៉ិ ទូកបានបុកជាមួយនាវាផ្សេងទៀតនៅឯចំណតសាឡាង។
ឆ្មាំសមុទ្របានឲ្យដឹងថា បុរសជនជាតិចិនតែម្នាក់គត់នៅលើនាវា ត្រូវបានចាប់ខ្លួនដោយសង្ស័យថា បានបំពានច្បាប់ចេញ និងចូលរបស់កោះតៃវ៉ាន់។ តែឆ្មាំល្បាតមិនបាននិយាយពីអ្វី ដែលជាមូលហេតុនាំឲ្យជននោះចូលក្នុងដែនទឹករបស់ខ្លួនឡើយ។
ពាក់ព័ន្ធនឹងការចាប់ខ្លួននេះ ការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់របស់ចិន មិនបានឆ្លើយនឹងការហៅទូរសព្ទ ដែលស្វែងរកការអត្ថាធិប្បាយនោះឡើយ នៅថ្ងៃចន្ទនេះ ដែលជាថ្ងៃឈប់សម្រាក ទាំងនៅក្នុងប្រទេសចិន និងកោះតៃវ៉ាន់៕