កំពត÷ ក្រុមអ្នកបច្ចេកទេសរបស់ អង្គការអភិរក្សសមុទ្រកម្ពុជា (MCC ) កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានទទួលព័ត៌មានអំពីការស្លាប់របស់សត្វផ្សោតមួយក្បាលនៅដែនសហគមន៍នេសាទត្រពាំងរពៅស្ថិតក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ។
ក្រុមអ្នកបច្ចេកទេសបានបញ្ជាក់ថា សត្វផ្សោត១ក្បាលនេះ ជាប្រភេទផ្សោតមិនធ្លាប់មានវត្តមាន ក្នុងដែនសមុទ្រខេត្តកំពតទេ បន្ទាប់ពីបានពិនិត្យ និងសិក្សារួចមក លទ្ធផលបានបង្ហាញថា ផ្សោតនេះជាផ្សោតអត់ព្រុយខ្នង។
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ក្រុមបច្ចេកទេសរបស់អង្គការ អភិរក្សសមុទ្រកម្ពុជា (MCC) បានទទួលដំណឹងអំពីការប្រទះឃើញសត្វផ្សោតប្រភេទថ្មីវ័យជំទង់មួយក្បាលងាប់ដោយសារជាប់មងនៅក្នុងដែនសហគមន៍ត្រពាំងរពៅ។
ក្រោយមានកិច្ចសហការរវាងមន្ត្រីខណ្ឌរដ្ឋបាលជលផល និងគណ:កម្មការសហគមន៍នេសាទ ព្រមទាំងអង្គការអភិរក្សសមុទ្រកម្ពុជា ក្រុមជំនាញបច្ចេកទេសបានរកឃើញថា ផ្សោតនេះជាប្រភេទសត្វផ្សោតគ្មានព្រុយខ្នងដែលជាកំណត់ត្រាប្រភេទថ្មី ក្រៅពីផ្សោត២ប្រភេទដែលធ្លាប់មានវត្តមានក្នុងដែនសមុទ្រខេត្តកំពត និងធ្លាប់បានកត់ត្រារួចហើយនោះ។ លោកនាយខណ្ឌបានបញ្ជាក់ថា វត្ដមានសត្វផ្សោតប្រភេទអត់ព្រុយខ្នងក្នុងដែនសមុទ្រកម្ពុជានេះ ជាកំណត់ត្រាថ្មី និងបានបង្ហាញពីការកើនឡើងនៃជីវៈចម្រុះ ពិសេសប្រភពអាហារ ជម្រក និងសុវត្ថិភាពដែលទាក់ទាញពពួកសត្វកំពុងរងគ្រោះថ្នាក់ ឲ្យមករស់នៅ។
ក្រុមការងារបច្ចេកទេសនឹងបន្តសិក្សាស្រាវជ្រាវបន្ថែមអំពីកំណត់ត្រាថ្មីដើម្បីទទួលបានព័ត៌មានកាន់តែទូលាយ និងលម្អិត អំពីប្រភព និងជីវិតរស់នៅរបស់ ថនិកសត្វប្រភេទថ្មីនេះ៕ ដោយ ៖ អន សារីម



