បាល់ទាត់៖ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army) បានបង្ហាញខ្សែកីឡាករបរទេសទី២ ដើម្បីត្រៀមជុំទី២ នៃលីគកំពូលកម្ពុជាផ្លូវការហើយគឺខ្សែយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Chan-young HA ដែលផ្ទេរមកពីក្លិប FC 08 Homburg នៃប្រទេសអាល្លឺម៉ង់។
ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំរូបនេះបានក្លាយជាកីឡាករបរទេសទី២ របស់ក្រុមកងយោធពលខេមរភូមិន្ទដែលបាននាំចូលសម្រាប់ត្រៀមជុំទី២ បន្ទាប់ពីខ្សែប្រយុទ្ធនីហ្សេរីយ៉ា Timothy Okereke។ ពួកគេទាំងពីរ ម្នាក់នឹងត្រូវជំនួសកីឡាករប្រេស៊ីល Cristiano Santos ដែលត្រូវបានក្លិបផ្ដាច់កុងត្រាមុនការកំណត់កាលពីថ្មីៗ។ ដោយឡែកម្នាក់ទៀតពុំទាន់ដឹងត្រូវជំនួសកូតាកីឡាករបរទេសរូបណានោះទេ រវាងកីឡាករបរទេស ៤រូបដែលក្រុមកងយោធពលខេមរភូមិន្ទកំពុងមានក្នុងដៃបច្ចុប្បន្ន ក្នុងនោះមានកីឡាករជប៉ុន ២រូបគឺកីឡាករ Yuta Kikuchi និង Rio Sakuma, កីឡាករប្រេស៊ីល Romario និងកីឡាករនីហ្សេរីយ៉ា Dzarma Bata។ លោក ខូវ ឆាយ អគ្គលេខាធិការក្លិបធ្លាប់បានបញ្ជាក់ថា វត្តមានរបស់សមាជិកថ្មីទាំង ២រូបនឹងត្រូវមានកីឡាករបរទេសម្នាក់ទៀតត្រូវចាកចេញបន្ទាប់ពី Cristiano Santos ប៉ុន្តែមិនទាន់សម្រេចថា កីឡាកររូបណានោះទេ ដ្បិតក្លិបត្រូវចាំមើលទម្រង់លេងពួកគេ សម្រាប់ការប្រកួតសេសសល់ក្នុងជុំទី១ នាពេលខាងមុខសិន។
ក្រឡេកមកចាប់អារម្មណ៍ប្រវត្តិរបស់សមាជិកថ្មីដែលក្រុម Tiffy Army ទើបនាំចូលវិញ Chan-young HA បានចាប់ផ្ដើមហ្វឹកហាត់បាល់ទាត់ដំបូង ជាមួយថ្នាលយុវជនក្លិប Delft Youth Footbal Club នៅប្រទេសហូឡង់ក្នុងឆ្នាំ២០០៨-២០០៩។ បន្ទាប់មកឆ្នាំ២០១០-២០១១ គេបានផ្ទេរមកហ្វឹកហាត់ជាមួយក្រុមយុវជនថ្នាលក្លិប KSH Youth Footbal Club នៅប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីតវិញ។ រហូតដល់ឆ្នាំ២០១៤ កីឡាករកម្ពស់ ១.៨១ម៉ែត្ររូបនេះត្រឡប់ទៅហ្វឹកហាត់នៅប្រទេសកំណើត ដូចជាក្រុមយុវជនថ្នាលក្លិប Daejeon Citizen FC និងចូលរួមការប្រកួតមួយចំនួន មុនវិវត្តន៍ខ្លួនក្លាយជាកីឡាករអាជីពដោយផ្ដើមដំបូងពីក្លិប Osan U18 នៅកូរ៉េខាងត្បូង មុនផ្ទេរទៅក្លិប MFK Tatran Liptovsky Mikulas នៅប្រទេសស្លូវ៉ាគីកាលពីឆ្នាំ២០២០ និងចុងក្រោយរូបគេបានលេងឲ្យក្លិប FC 08 Homburg នៅប្រទេសអាល្លឺម៉ង់មុនធ្វើដំណើរមកដល់កម្ពុជា ដោយចូលរួមជាមួយក្រុមកងយោធពលខេមរភូមិន្ទពេលនេះ៕
អត្ថបទ៖ លី ឈុនឡា