
ក្រុមមន្ត្រីបាននិយាយថា មន្ត្រីការពារជាតិជាន់ខ្ពស់របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល នាថ្ងៃចន្ទ (ទី១០ ខែមិថុនា) នេះ ក្នុងគោលបំណងធ្វើការលើគោលការណ៍ណែនាំថ្មី ដើម្បីរៀបចំការឆ្លើយតបរបស់ពួកគេ ចំពោះការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង។
គោលការណ៍ណែនាំនេះ បានដាក់ចេញនូវទ្រឹស្ដី និងនីតិវិធី ដើម្បីបន្តពង្រឹងគោលនយោបាយ និងជំហរទប់ស្កាត់នុយក្លេអ៊ែរ «គួរឲ្យទុកចិត្តបាន និងមានប្រសិទ្ធភាព»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមពីកិច្ចពិភាក្សាបិទទ្វារលើកទី៣ របស់សម្ព័ន្ធមិត្តលើបញ្ហានេះ។
គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សានុយក្លេអ៊ែរ បានកើតឡើងចំពេលមានសញ្ញាដែលកូរ៉េខាងជើង កំពុងប្រណាំងប្រជែងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធបញ្ជូនរបស់ខ្លួន។ អ្នកនយោបាយកូរ៉េខាងត្បូងមួយចំនួន ក្នុងនោះរួមទាំងសមាជិកជាន់ខ្ពស់នៃគណបក្សរបស់ប្រធានាធិបតី លោក Yoon Suk Yeol ផងដែរ បានអំពាវនាវឲ្យទីក្រុងសេអ៊ូល អភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាជាងគ្រាន់តែពឹងផ្អែកលើឆ័ត្រការពារនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ជាចំណាត់ការដែលវ៉ាស៊ីនតោនប្រឆាំង។
កិច្ចប្រជុំ នៅថ្ងៃចន្ទនេះ បានធ្វើសមកម្មភាពដោះស្រាយលើកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន នៅពេលដែលសហរដ្ឋអាមេរិក បានសន្យាថា នឹងផ្តល់ឲ្យកូរ៉េខាងត្បូងនូវការយល់ដឹងបន្ថែមទៀត អំពីផែនការនុយក្លេអ៊ែររបស់ខ្លួន ដើម្បីត្រៀមសម្រាប់ការមានជម្លោះណាមួយជាមួយកូរ៉េខាងជើង។
ជំនួយការរដ្ឋមន្ត្រីការពារជាតិស្តីទីរបស់សហរដ្ឋអាមេរិក សម្រាប់គោលនយោបាយអវកាសដែលបានធ្វើជាសហប្រធាននៃកិច្ចពិភាក្សានេះ គឺលោក Vipin Narang បាននិយាយថា គោលការណ៍ណែនាំ បង្កើតស្ថាបត្យកម្មមួយ សម្រាប់របៀបដែលសម្ព័ន្ធមិត្តរួមបញ្ចូលសមត្ថភាពស្តង់ដារ និងនុយក្លេអ៊ែរ ដែលចុងក្រោយ នឹងត្រូវបានផ្តល់ឲ្យនូវភាពជាអ្នកដឹកនាំរបស់ប្រទេសនីមួយៗ ក្នុងវិបត្តិនេះ។
លោក Cho Chang-rae អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ទទួលបន្ទុកគោលនយោបាយ បាននិយាយថា មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង២ នឹងធ្វើលំហាត់ហ្វឹកហ្វឺនក្លែងនៅលើតុ មុនពេលមានសមយុទ្ធនៅរដូវក្តៅទៀងទាត់ ដោយផ្តោតលើលទ្ធភាពដែលកូរ៉េខាងជើងប្រើប្រាស់អាវុធនុយក្លេអ៊ែរ៕