
យោងតាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវរបស់ន័រវ៉ែស ដែលបានចេញផ្សាយ នៅថ្ងៃចន្ទ (ទី១០ ខែមិថុនា) នេះ បានឲ្យដឹងថា ជម្លោះប្រដាប់អាវុធ បានកើតមាននៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៣ ដោយមានចំនួនច្រើនជាងឆ្នាំផ្សេងទៀត គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ បានបញ្ចប់។
ការសិក្សាពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាព Oslo (Prio) បានបង្ហាញថា នៅឆ្នាំ២០២៣ មានជម្លោះចំនួន ៥៩ ដែលក្នុងនោះមានចំនួន ២៨ នៅទ្វីបអាហ្វ្រិក។ ប៉ុន្តែប្រទេសដែលជួបប្រទះបញ្ហាជម្លោះ បានធ្លាក់ចុះពីចំនួន ៣៩ ក្នុងឆ្នាំ២០២២ ដោយធា្លក់មកត្រឹមចំនួន ៣៤ប្រទេស។
ចំណែកតួលេខអ្នកស្លាប់នៅក្នុងការប្រយុទ្ធ ក៏បានធ្លាក់ចុះពាក់កណ្តាលមកនៅត្រឹមប្រហែល ១២២.០០០នាក់ កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលប្រមូលបានដោយសាកលវិទ្យាល័យ Uppsala របស់ប្រទេសស៊ុយអែតពីអង្គការមិនមែនរដ្ឋាភិបាល (NGO) និងអង្គការអន្តរជាតិនានា។ តែយ៉ាងណាក្ដី តួលេខនេះនៅតែជាចំនួនខ្ពស់បំផុតទី៣ គិតចាប់តាំងពីឆ្នាំ១៩៨៩ ដោយគិតលើទិដ្ឋភាពនៃសង្រ្គាម នៅប្រទេសអ៊ុយក្រែន និងជម្លោះ រវាងអ៊ីស្រាអែល និងចលនាហាម៉ាសប៉ាឡេស្ទីន។
អ្នកស្រាវជ្រាវរបស់ Prio និងជាអ្នកនិពន្ធសំខាន់នៃរបាយការណ៍ដែលគ្របដណ្តប់លើនិន្នាការ អំឡុងឆ្នាំ១៩៤៦ ដល់ឆ្នាំ២០២៣ គឺលោកស្រីវេជ្ជបណ្ឌិត Siri Aas Rustad បាននិយាយថា៖ «អំពើហិង្សា នៅក្នុងពិភពលោក មានកម្រិតខ្ពស់ខ្ពស់បំផុត ចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់»។ អ្នកស្រីបានពន្យល់ថា៖ «តួលេខបង្ហាញថា ទិដ្ឋភាពជម្លោះកាន់តែស្មុគស្មាញ ដោយមានតួអង្គជម្លោះកាន់តែច្រើនប្រតិបត្តិការ នៅក្នុងប្រទេសតែមួយ»។
Prio បានឲ្យដឹងបន្ថែមថា ការកើនឡើងនៃចំនួនជម្លោះ អាចមួយផ្នែករួមចំណែកពីក្រុម ISIS ដែលរីករាលដាលនៅទូទាំងតំបន់អាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា ហើយនិងការជាប់ទាក់ទងនឹងការកើនឡើងពីចំនួនតួអង្គមិនមែនរដ្ឋ ដូចជាក្រុមដែលពាក់ព័ន្ធនឹងក្រុមអាល់កៃដាជាដើម៕