រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) កាលពីថ្ងៃចន្ទ (១០ មិថុនា) បានជំរុញឱ្យបណ្ដាមេដឹកនាំអារ៉ាប់ ដាក់សម្ពាធលើក្រុមហាម៉ាស ឱ្យទទួលយកសំណើបទឈប់បាញ់ ដែលបានលើកឡើងកាលពី ១០ ថ្ងៃមុនដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ដើម្បីបញ្ចប់សង្គ្រាមរយៈពេលប្រាំបីខែនៅតំបន់ហ្កាហ្សា។

លោក ប្លីងខិន កំពុងបំពេញទស្សនកិច្ចលើកទីប្រាំបីរបស់ខ្លួនទៅកាន់តំបន់នេះ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានការបង្ហូរឈាមបំផុតនៅក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលអូសបន្លាយរាប់ទសវត្សរ៍។ ដំណើរទស្សនកិច្ចនេះធ្វើឡើង ខណៈដែលទីក្រុងវ៉ាស៊ីនតោន ព្យាយាមបង្កើនសម្ពាធលើក្រុមហាម៉ាស ឱ្យយល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល និងធានាថាសង្រ្គាមមិនរីករាលដាលដល់ប្រទេសលីបង់។

លោក ប្លីងខិន បាននិយាយថា ក្រុមហាម៉ាស គឺជាអ្នកខាងក្រៅតែមួយគត់ដែលមិនទទួលយកសំណើសម្រាប់កិច្ចព្រមព្រៀងបីដំណាក់កាល ពាក់ព័ន្ធនឹងការដោះលែងចំណាប់ថ្នូរ និងការពិភាក្សាឆ្ពោះទៅរកការបញ្ចប់ការប្រយុទ្ធ ដែលលោកបាននិយាយថា អ៊ីស្រាអែល បានយល់ព្រមរួចហើយ។
ក្រុមហាម៉ាស បាននិយាយកាលពីខែឧសភា ថា ខ្លួនធ្លាប់បានយល់ព្រមលើកិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់ និងការផ្លាស់ប្តូរចំណាប់ថ្នូរជាមួយអ្នកទោសប៉ាឡេស្ទីន ប៉ុន្តែក្រុមមន្ត្រីអ៊ីស្រាអែល បាននិយាយនៅពេលនោះថា កិច្ចព្រមព្រៀងនោះមិនអាចទទួលយកបានសម្រាប់អ៊ីស្រាអែលទេ ដោយសារតែលក្ខខណ្ឌត្រូវបាន «បន្ទាបខ្លាំងពេក»៕
