អាហ្វហ្គានីស្ថាន៖ ពួកតាលីបង់បានដណ្ដើមកាន់កាប់ទីក្រុង Ghazni និងខេត្ត Herat កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការវាយដណ្ដើមដ៏ក្ដៅគគុកបំផុត ចាប់តាំងពីការចាប់ផ្ដើមការវាយសម្រុករុលទៅមុខរបស់ខ្លួន។

ការវាយដណ្ដើមគ្រប់គ្រងបានទីក្រុងយុទ្ធសាស្ត្រ Ghazni បង្កើនលទ្ធភាពដែលក្រុមតាលីបង់អាចដណ្ដើមយកបានរដ្ឋធានីកាប៊ុល។ ហើយក៏មានការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅក្នុងទីក្រុងធំបំផុតទី២ គឺទីក្រុង Kandahar ផងដែរ។ ក្រុមបះបោរបានបង្កើនការវាយសន្ទាប់ទៅមុខយ៉ាងលឿន ដោយដណ្ដើមបានដែនដីថ្មីៗស្ទើរតែរាល់ថ្ងៃ ខណៈកងទ័ពអាមេរិក និងបរទេសដទៃទៀតដកថយបន្ទាប់ពីប្រតិបត្តិការយោធាអស់រយៈពេល ២០ឆ្នាំ។ ការរឹបអូសយកបានទីក្រុង Kandahar និងទីក្រុង Herat គឺជាជ័យលាភីធំបំផុត សម្រាប់ក្រុមតាលីបង់ដែលបានដណ្តើមយកបានរដ្ឋធានីចំនួន ១២ ក្នុងចំណោមរដ្ឋធានីរបស់ខេត្តទាំង ៣៤ របស់អាហ្វហ្គានីស្ថាន ដែលជាផ្នែកមួយនៃការវាយដណ្ដើមយ៉ាងខ្លាំងក្លាពេញមួយសប្តាហ៍។
ទីក្រុង Qala-I-Naw ក៏បានធ្លាក់ចូលក្នុងដៃរបស់ពួកតាលីបង់ដែរ ដែលឥឡូវនេះគ្រប់គ្រងប្រហែលមួយភាគបីនៃទីក្រុងក្នុងតំបន់របស់ប្រទេស និងភាគច្រើននៅភាគខាងជើងអាហ្វហ្គានីស្ថាន។ ការរុលទៅមុខយ៉ាងឆាប់រហ័សរបស់ក្រុមនេះ បានធ្វើឱ្យប៉ះពាល់ដល់កងកម្លាំងសន្តិសុខរដ្ឋាភិបាល។ ប្រភពមួយចំនួនបានប្រាប់សារព័ត៌មាន BBC ថា ទីក្រុង Lashkar Gah ដែលជារដ្ឋធានីនៃខេត្ត Helmand ពេលនេះក៏ស្ថិតនៅក្នុងដៃរបស់ពួកតាលីបង់ដែរ ទោះបីជារឿងនេះមិនត្រូវបានបញ្ជាក់ក៏ដោយ៕
អត្ថបទ៖ សុខមាន