រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្កេ ឡាវរ៉ូវ (Sergey Lavrov) បានសម្តែងការដឹងគុណចំពោះប្រទេសចិន ដែលមិនបានចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅប្រទេសស្វីស ក្នុងជំនួបជាមួយសមភាគីចិន លោក វ៉ាង យី (Wang Yi)។ លោក ឡាវរ៉ូវ និងលោក វ៉ាង បានជួបគ្នានៅខាងក្រៅកិច្ចប្រជុំរយៈពេលពីរថ្ងៃនៃរដ្ឋមន្ត្រីការបរទេស ប្រ៊ីកស៍ (BRICS) ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ (១០ មិថុនា) នៅទីក្រុង នីស្នី នូវហ្កូរ៉ូដ (Nizhny Novgorod) របស់រុស្ស៊ី។

សន្និសិទសន្តិភាពក្នុងសប្តាហ៍នេះ មានគោលបំណងក្រាលមូលដ្ឋានគ្រឹះសម្រាប់ផែនការសន្តិភាពដែលស្នើឡើងដោយអ៊ុយក្រែន។ ទីក្រុងមូស្គូ បានរិះគន់សន្និសីទនេះ ដោយសារកំពុងធ្វើឡើងដោយគ្មានការចូលរួមពីរុស្ស៊ី ហើយប្រទេសចិន កាលពីខែមុន បានប្រកាសពីចេតនារបស់ខ្លួនក្នុងការមិនចូលរួមក្នុងជំនួបនេះ។

ក្រសួងការបរទេសរុស្ស៊ី បានដកស្រង់សម្តីលោក ឡាវរ៉ូវ ដែលបានប្រាប់លោក វ៉ាង ថា ទីក្រុងមូស្គូ សូមថ្លែងអំណរគុណចំពោះវិធីសាស្រ្តប្រកបដោយតុល្យភាព និងជាប់លាប់របស់ទីក្រុងប៉េកាំង ចំពោះវិបត្តិនៅអ៊ុយក្រែន។ លោក ឡាវរ៉ូវ ក៏បានរិះគន់អ្នករៀបចំសន្និសីទសន្តិភាពនោះថា មិនបានពិចារណាលើការចូលរួមដោយស្មើភាពរបស់រុស្ស៊ី។
ក្រសួងការបរទេសចិន បាននិយាយថា លោក វ៉ាង បានសង្កត់ធ្ងន់ថា ប្រទេសចិន គាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីរបស់រុស្ស៊ី ក្នុងនាមជាប្រធាន BRICS ដោយបន្ថែមថា ប្រទេសចិន នឹងធ្វើការជាមួយរុស្ស៊ី ដើម្បីលើកកម្ពស់ការរួបរួម និងស្វ័យកែលម្អនៃប្រជាជាតិសកលខាងត្បូង៕
