ត្បូងឃ្មុំ៖ នៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្មX16 ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទឧទ្ទេសនាមស្តីពីដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដល់ប្រតិភូនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៥០នាក់, កណ្តាលចំនួន ៥០នាក់, កំពង់ឆ្នាំង ៥០នាក់, ព្រៃវែង ៥០នាក់, ស្វាយរៀង ៥០នាក់, កំពង់ចាម ៥០នាក់ និងត្បូងឃ្មុំចំនួន ៥០នាក់ សរុប ៣៥០នាក់។

ប្រតិភូបានអញ្ជើញគោរពវិញ្ញាក្ខន្ធ និងចងចាំនូវឧបការគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា និងបុព្វបុរសដែលពលី មរណៈ ដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ឱ្យរួចផុតពីការធ្វើទារុណកម្ម ការកាប់សម្លាប់យ៉ាងសាហាវ យង់ឃ្នងពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យុទ្ធមិត្តរបស់លោក ទាំងពេលនៅមានជីវិត បានជួយដោះស្រាយទុក្ខលំបាក ហើយពេលពលី មរណៈ ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយធ្វើមាតុភូមិនិវត្តន៍នូវសពយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩រូប ដែលបានពលីនៅពេលធ្វើការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មកប្រទេសកំណើតវិញតាមប្រពៃណី សាសនា ពិធីការកងទ័ព និងពិធីការរដ្ឋ យ៉ាងអធិកក្រៃលែង៕










