ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បាននិយាយថា ប្រទេសនេះគួរតែត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ជាយថាហេតុណាមួយ ដោយសារតែការគំរាមកំហែងពីខាងក្រៅកាន់តែច្បាស់ ដែលជំរុញដោយភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។

លោក ម៉ាកូស បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់កងទ័ពនៅឯជំរំយោធាក្នុងខេត្ត អ៊ីសាប៊ែលឡា (Isabela) នៅតំបន់ភាគខាងជើង ដែលប្រឈមមុខនឹងកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់ ដែលត្រូវទីក្រុងប៉េកាំង បានចាត់ទុកជាទឹកដីរបស់ខ្លួនថា ការនៅជិតកោះតៃវ៉ាន់ របស់ហ្វីលីពីន ធ្វើឱ្យខ្លួនស្ថិតក្នុងតំបន់ដែលចិន ចាប់អារម្មណ៍។
លោក ម៉ាកូស បានបន្ថែមថា ប្រទេសហ្វីលីពីន មិនបានព្យាយាមគូសខ្សែបន្ទាត់ឡើងវិញលើទឹកដីអធិបតេយ្យភាព រួមទាំងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួននោះទេ ហើយប្រទេសនេះបានប្តេជ្ញាការពារខ្លួន ខណៈពេលដែលចូលរួមជជែកតាមការទូត។ ស្ថានទូតចិន នៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ហ្វីលីពីន មានជម្លោះដែនទឹកដ៏យូរលង់ជាមួយចិន ដែលទាមទារស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង ដែលជាច្រកសម្រាប់ពាណិជ្ជកម្មនាវាប្រចាំឆ្នាំជាង ៣ ពាន់ពាន់លានដុល្លារ។ តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ នៅទីក្រុងឡាអេ បានកាត់ឱ្យការអះអាងរបស់ប្រទេសចិន មិនមានសុពលភាពក្នុងឆ្នាំ២០១៦ ដោយនោះជាការសម្រេចដែលទីក្រុងប៉េកាំង បានច្រានចោល៕
