មន្ទីរបញ្ចកោណ បានព្យាយាមដើម្បីលុបបំបាត់អ្វីដែលខ្លួនបាននិយាយថា ជារបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គមមិនពិត ថា អ៊ីស្រាអែលបានប្រើប្រាស់កំពង់ផែបណ្តែតទឹករបស់សហរដ្ឋអាមេរិកនៅតំបន់ហ្កាហ្សា ក្នុងបេសកកម្មជួយសង្គ្រោះចំណាប់ខ្មាំង ខណៈអង្គការសហប្រជាជាតិ បាននិយាយថា ខ្លួននឹងពិនិត្យមើលសន្តិសុខឡើងវិញ មុនពេលបន្តការដឹកជញ្ជូនជំនួយពីកំពង់ផែ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ ផាទ្រីក រ៉ៃឌ័រ(Patrick Ryder) បានឆ្លើយបកទៅវិញ លើការចោទប្រកាន់តាមប្រព័ន្ធផ្សព្វផ្សាយសង្គមមិនពិតមួយចំនួន ដោយបញ្ជាក់ថា កំពង់ផែមិនត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលប្រតិបត្តិការយោធារបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ដើម្បីជួយសង្គ្រោះចំណាប់ខ្មាំងបួននាក់ ដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាសនោះទេ។

លោក Ryder បានទទួលស្គាល់ថា មានប្រតិបត្តិការប្រើប្រាស់ឧទ្ធម្ភាគចក្ររបស់អ៊ីស្រាអែល នៅជិតកំពង់ផែ។ លោកនិយាយថា កំពង់ផែ សម្ភារៈ និងបុគ្គលិកទាំងអស់ដែលគាំទ្រកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ គ្មានអ្វីត្រូវជាប់ពាក់ព័ន្ធជាមួយប្រតិបត្តិការជួយសង្គ្រោះរបស់អ៊ីស្រាអែលទេ។ យោធាសហរដ្ឋអាមេរិក បានបន្តរើចេញជំនួយនិងដឹកជញ្ជូន ប៉ុន្តែស្ថានភាពទឹកសមុទ្រមិនអំណោយផល បានបញ្ឈប់សកម្មភាពកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ។ ប្រតិបត្តិការនេះ ត្រូវបានផ្អាកជាបណ្ដោះអាសន្នដើម្បីជួសជុលកំពង់ផែ បន្ទាប់ពីមានបាក់ខូចមួយផ្នែក។
ទោះជាយ៉ាងណា អង្គការសហប្រជាជាតិ នៅមិនទាន់បានបន្តការដឹកជញ្ជូនជំនួយពីកំពង់ផែទៅកាន់ឃ្លាំងរបស់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ នៅឡើយ។ ក្រសួងសុខាភិបាល តំបន់ហ្កាហ្សា បាននិយាយថា ប្រជាជនប៉ាឡេស្ទីន ២៧៤នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំងរបស់អ៊ីស្រាអែល។ អ្នកនាំពាក្យលោក Stephane Dujarric បាននិយាយថា ការចូលរួមរបស់អង្គការសហប្រជាជាតិនៅក្នុងប្រតិបត្តិការនៅកំពង់ផែនឹងនៅតែផ្អាក រហូតដល់ការវាយតម្លៃហ្មត់ចត់អំពីស្ថានភាពសន្តិសុខត្រូវបានធ្វើឡើង ដើម្បីធានាបានសុវត្ថិភាពរបស់បុគ្គលិក និងដៃគូ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសកាលពីខែមីនា អំពីផែនការដាក់កំពង់ផែ សម្រាប់ការផ្តល់ជំនួយ ខណៈគ្រោះទុរ្ភិក្សបានកើតឡើងនៅក្នុងតំបន់ហ្កាហ្សា ជាតំបន់គ្រប់គ្រងដោយក្រុមហាម៉ាស មានប្រជាជនចំនួន ២,៣ លាននាក់ ក្នុងអំឡុងពេលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន៕

