បាល់ទាត់៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានចាប់ផ្តើមហ្វឹកហាត់លើកដំបូងជាមួយ Paris Saint Germain នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីធ្វើសន្និសីទសារព័ត៌មានផ្លូវការនៅទីក្រុងប៉ារីស ក្រោយការចាកចេញពី Barcelona។

កីឡាករវ័យ ៣៤ឆ្នាំរូបនេះទើបតែត្រលប់ពីវិសមកាលរបស់ខ្លួន បន្ទាប់ពីជួយក្រុមជំរើសជាតិអាហ្សង់ទីនឈ្នះពាន Copa America ហើយត្រលប់ទៅទឹកដី Barcelona វិញដើម្បីចរចាកិច្ចសន្យាថ្មីក៏ត្រូវបរាជ័យ ដោយសារច្បាប់ហិរញ្ញវត្ថុតឹងរ៉ឹងរបស់ La Liga។ ការមកដល់ទឹកដីបារាំងនេះ Lionel Messi បានចុះហត្ថលេខា ២ឆ្នាំលេងឱ្យ PSG ដែលក្នុងនោះគេនឹងទទួលបានប្រាក់ឈ្នួល ៣៥លានអឺរ៉ូក្នុងមួយឆ្នាំ។ Lionel Messi គឺជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Barcelona ដោយរកបានសរុប ៦៧២គ្រាប់ ឈ្នះពាន La Liga ១០លើក, UEFA Champions League ៤លើក, Copa del Rey ៧លើក ក៏ដូចជាឈ្នះពានឯកត្តជន Ballon d’Or ៦លើកច្រើនជាងគេ។
Messi បានក្លាយជាកីឡាករទី៤ ដែលមកកាន់ Paris Saint Germain ដោយគ្មានតម្លៃផ្ទេរ បន្ទាប់ពីខ្សែបំរើហូឡង់ Georginio Wijnaldum ពី Liverpool, ខ្សែការពារអេស្ប៉ាញ Sergio Ramos ពី Real Madrid និងអ្នកចាំទីឆ្នើមអ៊ីតាលី Gianluigi Donnarumma ពី AC Milan។ Messi នឹងអាចបង្ហាញខ្លួនដំបូងឱ្យ Paris Saint Germain ចុងសប្តាហ៍នេះតែម្តងក្នុងសប្តាហ៍ទី២ នៃក្របខណ្ឌបារាំង Ligue 1 ជួបជាមួយ Strasbourg៕
អត្ថបទ៖នាង សុភាវុធ