ទីភ្នាក់ងារសហព័ន្ធបាននិយាយកាលពីថ្ងៃចន្ទ (១០ មិថុនា) ថា ពួកគេបានស្ដារឡើងវិញនូវការចូលប្រើប្រាស់ពេញលេញសម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្មផ្លូវសមុទ្រ តាមរយៈកំពង់ផែ បាល់ទីម័រ (Baltimore) បន្ទាប់ពីកំទេចកំទីចំនួន ៥០.០០០ តោនពីការបាក់ស្ពានកាលពីថ្ងៃទី២៦ ខែមីនា ត្រូវបានយកចេញអស់។

កប៉ាល់ដឹកទំនិញឈ្មោះ ដាលី (Dali) បានបុកស្ពាន ហ្វ្រង់ស៊ីស ស្កុតឃី (Francis Scott Key) កាលខែមីនា ក្នុងទីក្រុង បាល់ទីម័រ (Baltimore) ដោយបានសម្លាប់មនុស្ស ៦ នាក់ និងប៉ះពាល់ដល់សរសៃឈាមដឹកជញ្ជូនដ៏សំខាន់មួយសម្រាប់ភាគឦសានសហរដ្ឋអាមេរិក។ កងវិស្វករនៃកងទ័ពអាមេរិក បាននិយាយថា ការស្ទាបស្ទង់កាលពីថ្ងៃចន្ទ បានបញ្ជាក់ពីបាតទន្លេថាមានសុវត្ថិភាពសម្រាប់ការឆ្លងកាត់ ហើយផ្លូវទឹកសហព័ន្ធ ហ្វត មេកហិនរី (Fort McHenry) ត្រូវបានស្ដារឡើងវិញនូវទំហំប្រតិបត្តិការដើមរបស់វា ដែលមានទទឹងជាង ២១០ ម៉ែត្រ និងជម្រៅជាង ១៥ ម៉ែត្រ។

ផ្លូវទឹកដែលដំណើរការពេញលេញនោះនឹងអនុញ្ញាតឱ្យមានចរាចរណ៍ពីរផ្លូវ និងការបញ្ចប់តម្រូវការសុវត្ថិភាពបន្ថែមដែលត្រូវបានទាមទារ ដោយសារតែទទឹងផ្លូវទឹកត្រូវបានកាត់បន្ថយជាបណ្តោះអាសន្ន។ អង្គភាពកងទ័ពសហរដ្ឋអាមេរិក និងទីភ្នាក់ងារគ្រប់គ្រងកងទ័ពជើងទឹកអាមេរិកនៃការស្រង់បំណែក និងមុជទឹក បានធ្វើការសម្អាតបំណែកស្ពានមួយនេះអស់រយៈពេលជាងពីរខែ មុនពេលបំណែកចុងក្រោយត្រូវបានដកចេញកាលពីសប្តាហ៍មុន ហើយកប៉ាល់ ដាលី ត្រូវបានផ្លាស់ទីដោយសុវត្ថិភាពនៅថ្ងៃទី២០ ខែឧសភា។

កាលពីខែមេសា អង្គភាព FBI បានបើកការស៊ើបអង្កេតព្រហ្មទណ្ឌមួយនៅក្នុងការបាក់ស្ពាននេះ ហើយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិបាននិយាយកាលពីខែមុនថា កប៉ាល់ ដាលី បានបាត់បង់ថាមពលអគ្គិសនីជាច្រើនដង មុនពេលបុកស្ពាន រួមទាំងជួបប្រទះនឹងការដាច់ចរន្តអគ្គិសនីអំឡុងពេលថែទាំនៅកំពង់ផែ និងដាច់ចរន្តភ្លាមៗមុនពេលឧបទ្ទវហេតុ។ រដ្ឋ ម៉ារីលែន (Maryland) ប៉ាន់ប្រមាណថា គេនឹងត្រូវចំណាយប្រាក់ពី ១,៧ ពាន់លានដុល្លារ ទៅ ១,៩ ពាន់លានដុល្លារ ដើម្បីសាងសង់ស្ពានឡើងវិញ ហើយរំពឹងថានឹងបញ្ចប់នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២៨៕