ក្រសួងធនធានទឹករបស់ប្រទេសចិន បានព្រមានកាលពីថ្ងៃចន្ទថា ទន្លេតូចៗ និងមធ្យមជាច្រើននៅក្នុងតំបន់ភាគខាងត្បូងរបស់ប្រទេសនេះអាចជួបប្រទះនឹងទឹកជំនន់លើសពីកម្រិតប្រកាសអាសន្ន ដោយសារតែ អាចមានភ្លៀងធ្លាក់ខ្លាំង ដែលរំពឹងទុកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

កាលពីចុងសប្ដាហ៍មុន ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារទូទាំងភាគខាងត្បូងប្រទេសចិន រួចទៅហើយ និងបង្កជាទឹកជំនន់ព្រមទាំងបណ្ដាលឲ្យប្រជាពលរដ្ឋជាច្រើនជាប់ក្នុងទឹកជំនន់នេះ។
យោយតាមក្រសួងឲ្យដឹងថា ទន្លេនៅ ក្នុងខេត្ត ជាំងស៊ី(Jiangxi) ខេត្ត ជេជាំង (Zhejiang) ខេត្ត ហ្វូជៀន (Fujian) ខេត្តខ្វាងស៊ី (Guangxi) ខេត្ត ខ្វាងទុង (Guangdong) និង ខេត្តហ៊ូណាន (Hunan) ស្ថិតក្នុងចំណោមតំបន់ផ្សេងទៀត ត្រូវបានគេរំពឹងថាកម្ពស់ទឹកនឹងហក់ឡើងខ្ពស់ ខណៈភ្លៀងធ្លាក់ខ្លាំងត្រូវគេព្យាករណ៍ថានឹងស្រោចស្រពតំបន់មួយចំនួននៃភាគនិរតីនៃប្រទេសចិន ភាគខាងត្បូងប្រទេសចិន និងតំបន់ភាគខាងត្បូងនៃទន្លេ យ៉ាង ស៊ី (Yangtze) ចាប់ពីថ្ងៃអង្គារដល់ថ្ងៃសៅរក្នុងសប្ដាហ៍នេះ។
ក្រសួងកំពុងសម្របសម្រួលវិធានការបង្ការ និងឆ្លើយតបចំពោះព្យុះភ្លៀង និងទឹកជំនន់ ស្របពេលអាជ្ញាធរធនធានទឹកក្នុងតំបន់កំពុងពង្រឹងការប្រុងប្រយ័ត្ន និងកិច្ចខិតខំប្រឹងប្រែងឆ្លើយតប ជាពិសេសការដ្ឋានសំណង់ និងតំបន់ទេសចរណ៍។

ក្រសួងធនធានទឹក និងរដ្ឋបាលឧតុនិយមចិន បានចេញសេចក្តីជូនដំណឹងពណ៌លឿង សម្រាប់ភ្លៀងធ្លាក់នៅតំបន់ភ្នំ នៅល្ងាចថ្ងៃអាទិត្យសប្ដាហ៍នេះ នៅតំបន់មួយចំនួននៃប្រទេសនេះ ដែលជាកម្រិតធ្ងន់ធ្ងរបំផុតទី៣ នៃប្រព័ន្ធប្រកាសអាសន្នអាកាសធាតុ មាន៤កម្រិត ដោយបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ភ្នំទំនងជានឹងវាយប្រហារ លើតំបន់មួយចំនួននៅក្នុង ខេត្ត ជេជាំង ខេត្ត ហ្វ៊ូជៀន និង ខេត្ត ជាំងស៊ី ៕