អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric កាលពីថ្ងៃចន្ទ ទី១០ ខែមិថុនា បាននិយាយថា ទីភ្នាក់ងាររបស់លោក កំពុងធ្វើការដើម្បីធានាបានការដោះលែងបុគ្គលិកចំនួន ១១ នាក់របស់ខ្លួន ដែលត្រូវបានឃុំខ្លួនដោយកងកម្លាំងសន្តិសុខហ៊ួទី នៅក្នុងប្រទេសយេម៉ែន។

លោក Dujarric បាននិយាយថា អង្គការសហប្រជាជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តន៍ និង កំពុងស្វែងរកការបំភ្លឺពីក្រុមហ៊ួទី អំពីមូលហេតុដែលបុគ្គលិកនៅប្រទេសយេម៉ែន ត្រូវបានឃុំខ្លួន។ ស្ត្រីពីរនាក់និងបុរសប្រាំបួននាក់ បម្រើការឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនប្រាំផ្សេងៗគ្នា។

នៅក្នុងការវាយឆ្មក់ជាបន្តបន្ទាប់ មន្ត្រីចារកម្មប្រដាប់អាវុធក្រុមហ៊ួទី បានឃុំខ្លួនបុគ្គលិកអង្គការសហប្រជាជាតិ យ៉ាងហោចណាស់ប្រាំបួននាក់ មានបុគ្គលិកបីនាក់មកពីក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក (NDI) បុគ្គលិកបីនាក់ទៀតមកពីក្រុមសិទ្ធិមនុស្សក្នុងស្រុកមួយ និងមន្ត្រីរបស់រដ្ឋាភិបាលបីនាក់ទៀតនៅប្រទេសយេម៉ែន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

មន្ត្រីស៊ើបការណ៍សម្ងាត់របស់ក្រុមហ៊ួទី ដែលគ្រប់គ្រងនៅរដ្ឋធានីសាណា(Sanaa) និងផ្នែកធំៗនៅភាគខាងជើងប្រទេស បានឆ្មក់ចូលលំនៅឋាន និងការិយាល័យរបស់បុគ្គលិកទាំងនេះ ដោយរឹបអូសយកទូរស័ព្ទ និងកុំព្យូទ័រ។ រដ្ឋាភិបាល ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ បានគ្រប់គ្រងភាគច្រើននៅភាគខាងត្បូងប្រទេសយេម៉ែន។
ក្រុម ហ៊ួទី ដែលមានសម្ព័ន្ធភាពជាមួយប្រទេសអ៊ីរ៉ង់ បានវាយប្រហារលើនាវាដឹកជញ្ជូននៅសមុទ្រក្រហម ដោយបានធ្វើឲ្យមានការវាយប្រហារតាមអាកាសពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ពួកគេបានឃុំឃាំងបុគ្គលិកនៅប្រទេសយេម៉ែនប្រហែល២០នាក់ នៅស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងសាណា រយៈពេលបីឆ្នាំកន្លងទៅនេះ ខណៈស្ថានទូត បានផ្អាកប្រតិបត្តិការ នៅឆ្នាំ២០១៤។