រដ្ឋាភិបាល បាននិយាយកាលពីថ្ងៃចន្ទ ទី១០ ខែមិថុនា ថា មនុស្សយ៉ាងហោចណាស់ ៨នាក់ បានស្លាប់ដោយសារជំងឺសុរិយៈរោគដែលសង្ស័យនៅរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ដោយនាយកដ្ឋានអាកាសធាតុជាតិ បានព្យាករណ៍ថា អាកាសធាតុកាន់តែក្តៅ នៅក្នុងផ្នែកខ្លះរបស់រដ្ឋ ក្នុងសប្តាហ៍នេះ។

នាយកដ្ឋានឧតុនិយមប្រទេសឥណ្ឌា បានប្រកាសពីរលកកម្តៅខណៈសីតុណ្ហភាពក្នុងតំបន់កើនឡើង ៤,៥ អង្សាសេទៅ ៦,៤ អង្សាសេ ខ្ពស់ជាងសីតុណ្ហភាពធម្មតា។
រដ្ឋធានី ប៊ូបានណេស្វា(Bhubaneswar) នៅរដ្ឋ Odisha បានកត់ត្រាសីតុណ្ហភាពអតិបរមា ៣៩ អង្សាសេ កាលពីថ្ងៃចន្ទ។
មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់រដ្ឋ បាននិយាយកាលពីថ្ងៃចន្ទថា អ្នកស្លាប់ដោយជំងឺសុរិយៈរោគដែលសង្ស័យសរុបមានចំនួន១៥៩នាក់ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Odisha នៅរដូវក្តៅនេះ ហើយជំងឺសុរិយៈរោគ ត្រូវបានបញ្ជាក់ថាជាមូលហេតុនៃករណីស្លាប់ចំនួន៤១នាក់ ខណៈអ្នកស្លាប់នៅទូទាំងប្រទេសឥណ្ឌាដោយសាររលកកម្តៅ បានកើនឡើងដល់ជាង២០០នាក់។
ប្រទេសឥណ្ឌា និងតំបន់មួយចំនួនទៀតនៅអាស៊ី បានជួបប្រទះរដូវក្តៅ ដែលក្តៅខុសពីធម្មតា ជានិន្នាការមួយអ្នកវិទ្យាសាស្ត្រ និយាយថា កាន់តែធ្ងន់ធ្ងរដោយបម្រែបម្រួលអាកាសធាតុបង្កឡើងដោយមនុស្ស ហើយនាយកដ្ឋានអាកាសធាតុបានព្យាករណ៍ថា ស្ថានភាពរលកកម្តៅនឹងបន្តនៅតំបន់ភាគខាងជើង និងភាគខាងកើត ប្រទេសឥណ្ឌា នៅប៉ុន្មានថ្ងៃខាងមុខនេះ។

រដ្ឋធានីឌេលី បានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន៤៩,៩ អង្សាសេ នៅកន្លែងខ្លះកាលពីដើមខែនេះ ហើយទីក្រុងនេះ កំពុងប្រឈមមុខនឹងកង្វះទឹក ខណៈសីតុណ្ហភាពអតិបរមានៅតែបន្តឡើងដល់៤៤អង្សាសេ។