យោធាកូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានធ្វើការបាញ់ព្រមានកាលពីចុងសប្តាហ៍ បន្ទាប់ពីទាហានកូរ៉េខាងជើង មួយចំនួនបានលួចឆ្លងកាត់ព្រំដែនរយៈពេលខ្លី ស្របពេលមានភាពតានតឹងកើនឡើងនាពេលថ្មីៗនេះ ជុំវិញការបាញ់បង្ហោះបាឡុងដឹកសំរាមរបស់ទីក្រុងព្យុងយ៉ាង ចូលទៅក្នុងកូរ៉េខាងត្បូង។

អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS) បាននិយាយនៅថ្ងៃអង្គារ (១១ មិថុនា) នេះថា ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអាទិត្យ (០៩ មិថុនា) នៅពេលដែលទាហានកូរ៉េខាងជើង មួយចំនួននៅក្នុងតំបន់គ្មានយោធា (DMZ) ដែលបំបែកកូរ៉េទាំងពីរ បានរំលោភលើបន្ទាត់កំណត់ព្រំដែនយោធា។
អគ្គសេនាធិការចម្រុះ JCS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ទាហានទាំងនោះបានធ្វើដំណើរឆ្ពោះទៅកូរ៉េខាងជើង វិញភ្លាមៗបន្ទាប់ពីការប្រកាស និងការបាញ់ព្រមានរបស់យោធា ហើយមិនមានសកម្មភាពមិនធម្មតាទៀតនោះទេ»។
ហេតុការណ៍នេះបានកើតឡើងស្របពេលដែលកូរ៉េខាងជើង បានបញ្ជូនបាឡុងរាប់ពាន់គ្រឿងដែលផ្ទុកសំរាមក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះទៅកាន់កូរ៉េខាងត្បូង រួមទាំងរាប់រយគ្រឿងកាលពីចុងសប្តាហ៍ ដោយហៅវាថាជាការឆ្លើយតបទៅនឹងយុទ្ធនាការរបស់ក្រុមរត់ចោលជួរកូរ៉េខាងជើង នៅក្នុងកូរ៉េខាងត្បូង ដែលបានបង្ហោះបាឡុងដឹកខិត្តប័ណ្ណប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ក្នុងទិសដៅផ្សេងទៀតឆ្លងកាត់ព្រំដែន៕
