ប្រព័ន្ធផ្សព្វផ្សាយ NHK បានរាយការណ៍ថា សេចក្តីថ្លែងការណ៍រួមដែលបានពង្រាង ខ្វះការអំពាវនាវឱ្យមានការដកកងកម្លាំងរុស្ស៊ី នឹងត្រូវបានបង្ហាញនៅក្នុងសន្និសីទអន្តរជាតិស្តីពីសន្តិភាពនៅអ៊ុយក្រែន នាពេលខាងមុខ។ កិច្ចប្រជុំកំពូលសន្តិភាព នឹងត្រូវធ្វើឡើងនៅប្រទេសស្វីស នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខាងមុខនេះ។ កិច្ចប្រជុំ មានគោលបំណងសម្រេចបាននូវផែនការសន្តិភាព១០ចំណុចដែលស្នើឡើងដោយប្រទេសអ៊ុយក្រែន។

រដ្ឋាភិបាលប្រទេសស្វីស បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសនិងអង្គការចំនួន៩០ ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។ ប្រព័ន្ធផ្សព្វផ្សាយ NHK បានទទួលសេចក្តីថ្លែងការរួមដែលបានពង្រាង និយាយសំដៅទៅលើតែបីចំណុចក្នុងចំណោម១០ចំណុច ដែលត្រូវបានស្នើឡើងនៅក្នុងរូបមន្តសន្តិភាពនៅអ៊ុយក្រែន។
ទាំងបីចំណុចនេះ រួមមាន សុវត្ថិភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរ សន្តិសុខស្បៀង ការដោះលែងអ្នកទោសទាំងអស់និងការវិលត្រឡប់របស់កុមារ ដែលត្រូវបាននិរទេសទៅកាន់ប្រទេសរុស្ស៊ី។
សេចក្តីថ្លែងការណ៍ ពុំបានលើកឡើងពីការដកកងកម្លាំងរុស្ស៊ីចេញពីប្រទេសអ៊ុយក្រែន និងការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែននោះទេ។

សេចក្តីថ្លែងការណ៍រួម ក៏បាននិយាយដែរថា ភាគីទាំងអស់ ចាំបាច់ត្រូវចូលរួមដើម្បីសម្រេចបានសន្តិភាព និងបានបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់រុស្ស៊ី ក្នុងកិច្ចពិភាក្សា។
ប្រភពព័ត៌មានផ្នែកការទូតបាននិយាយថា ការដកកងទ័ពរុស្ស៊ីនិងអ្វីៗជាច្រើនផ្សេងទៀត ដែលអ៊ុយក្រែនបាននិងកំពុងអំពាវនាវ ត្រូវបានទម្លាក់ចោលពីសេចក្តីព្រាង ព្រោះវាត្រូវបានយកពិចារណាដោយប្រទេសមួយចំនួននៅអាស៊ី និងនៅមជ្ឈិមបូព៌ា ដែលនៅតែរក្សាទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy រំពឹងថា កិច្ចប្រជុំកំពូលសន្តិភាព នឹងក្លាយជាក្របខ័ណ្ឌមួយ ដែលនឹងផ្តល់ឱ្យប្រទេសរបស់លោក នូវប្រយោជន៍ខ្ពស់ក្នុងការបញ្ចប់សង្គ្រាម។