ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីបានរាយការណ៍នៅថ្ងៃអង្គារ (១១ មិថុនា) នេះដោយដកស្រង់សម្តីមន្ត្រីក្រសួងការបរទេសរុស្ស៊ីម្នាក់ថា កិច្ចព្រមព្រៀងថ្មីមួយរវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារតែបញ្ហាដែលដៃគូអ៊ីរ៉ង់ កំពុងប្រឈម។

សារព័ត៌មាន RIA បានដកស្រង់សំដីលោក ហ្សាមឺ ខាប៊ូលូវ (Zamir Kabulov) មន្ត្រីក្រសួងការបរទេស ដោយនិយាយថា «នេះគឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ដំណើរការកិច្ចសហប្រតិបត្តិការ បានបញ្ឈប់ដោយសារតែបញ្ហាដែលដៃគូអ៊ីរ៉ង់របស់យើងកំពុងតែជួបប្រទះ»។ មិនមានការអត្ថាធិប្បាយភ្លាមៗពីភាគីអ៊ីរ៉ង់ លើបញ្ហានេះទេ។
រុស្ស៊ី និងអ៊ីរ៉ង់ បានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានជំរុញប្រឆាំងនឹងអ្វីដែលពួកគេមើលឃើញថាជាគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ដ៏គួរឱ្យភ័យខ្លាចក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតនូវអ្វីដែលពួកគេនិយាយថាជាសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល។

ការងារលើកិច្ចព្រមព្រៀងដ៏សំខាន់ថ្មីមួយរវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ ត្រូវបានប្រកាសនៅក្នុងខែកញ្ញា ឆ្នាំ២០២២ ក្នុងអំឡុងពេលកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងអតីតប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីស្លាម លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi)៕