ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅវេទិកាដោះស្រាយទំនាស់ ក្នុងសាលាខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឱ្យបងប្អូនប្រជានេសាទប្រមាណ៤០គ្រួសារ ចូលជួបពិភាក្សារកដំណោះស្រាយជុំវិញការស្នើសុំ អូសលៀសដោយប្រើកម្លាំងម៉ាស៊ីន នៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកក្រគរ កំឡុងពេលរដូវបិទនេសាទ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត គឺមានការយកចិត្តទុកដាក់លើជីភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយក្នុងករណីបងប្អូនប្រជានេសាទ ធ្វើការនេសាទគោរពតាមច្បាប់អនុញ្ញាត ហើយមាន កម្លាំងសមត្ថកិច្ច មន្ត្រីជំនាញ ឬជនណាមួយ មកគៀបសង្កត់យកលុយពីបងប្អូន គឺឯកឧត្តម នឹងចាត់ការជនទាំងនោះតាមច្បាប់ដើម្បីការពារផលប្រយោជន៍ជូនបងប្អូន តែបើបងប្អូនធ្វើការនេសាទមិនត្រូវតាមច្បាប់កំណត់នោះ គឺពុំមានអ្នកណាអាចជួយការពារបងប្អូនបានទេ ។ ដូចនេះជុំវិញករណីដែលបងប្អូនស្នើរសុំ អូសលៀសដោយប្រើម៉ាស៊ីន ក្នុងរដូវបិទនេសាទ ត្រូវស្តាប់ការពន្យល់ពីខាងជំនាញជនផល ពាក់ព័ន្ធផ្លូវច្បាប់ និងផលប៉ះពាលនានា ហើយបងប្អូនត្រូវពិចារណាថ្លឹងថ្លែង ដើម្បីប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយ។

ក្នុងនោះដែរ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានពន្យល់ប្រជានេសាទដោយលើកឡើងថា ការស្នើរសុំរបស់បងប្អូន អូសលៀសដោយប្រើកម្លាំងម៉ាស៊ីន នៅបឹងទន្លេសាប កំឡុងពេលរដូវបិទនេសាទ គឺច្បាប់មិនអនុញ្ញាតនោះទេ ហើយវាធ្វើឱ្យប៉ះពាលធ្ងន់ធ្ងរ លើជីវៈចម្រុះក្នុងបឹងទន្លេសាប ។ តែដោយសារកត្តាជីវភាព គឺអាចឱ្យបងប្អូនធ្វើការនេសាទលក្ខណៈគ្រួសារអូសដោយដៃ ដោយមិនមានការអូសដោយប្រើកម្លាំងម៉ាស៊ីន ហើយប្រើ មងដែលមានក្រឡាចាប់ពី ២ហ៊ុនកន្លះ ឡើងទៅ ។
ក្នុងនោះដែរ ដោយបងប្អូនប្រជានេសាទភាគច្រើនមានជីវភាពខ្វះខាត ឯកឧត្តម ខូយ រីដា បានឧបត្ថម្ភអង្ករក្នុង ១គ្រួសារ ២០គីឡូក្រាម នឹងសំណូមពរឱ្យប្រជានេសាទទាំងអស់គោរពតាមច្បាប់ ដើម្បផលប្រយោជន៍រួម៕ អត្ថបទ៖ ភិរុណ ពៅ





