បាល់ទាត់៖ ក្រុមជើងឯក FA Cup និង Community Shield ថ្មីៗ Leicester City បានឈានដល់កិច្ចព្រមព្រៀងហើយក្នុងការផ្ទេរខ្សែការពារកណ្តាលដាណឺម៉ាក Jannik Vestergaard ពី Southampton នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការ Southampton លោក Ralph Hasenhuttl។

កីឡាករវ័យ ២៩ឆ្នាំរូបនេះត្រូវបានគេដឹងថា ការផ្ទេរមកកាន់ Leicester City នេះមានតម្លៃ ១៥លានផោន។ ការមកដល់របស់ Vestergaard គឺជាការមកប៉ះប៉ូវតំណែងខ្សែការពារកណ្តាល Wesley Fofana ដែលមានរបួសបាក់ជើងពេលប្រកួតមិត្តភាព និងអវត្តមានរហូតដល់ដំណាច់ឆ្នាំនេះ។ Jannik Vestergaard គឺជាសមាជិករបស់ក្រុមជំរើសជាតិដាណឺម៉ាក ដោយបានបង្ហាញខ្លួនសរុប ២៩លើក និងបង្ហាញខ្លួនពេញ ៦ប្រកួតឱ្យដាណឺម៉ាកដែលឈានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro ២០២០។
ក្រៅពីការចាកចេះរបស់ Vestergaard, Southampton ក៏បាត់បង់ខ្សែប្រយុទ្ធជួរមុខ Danny Ings ផងដែរដែលចាកចេញទៅកាន់ Aston Villa ក្នុងតម្លៃ ២៥លានផោន។ Southampton នឹងចាប់ផ្តើមរដូវកាលថ្មី English Premier League សប្តាហ៍នេះនៅទឹកដី Everton ស្របពេល Leicester City ទទួល Wolverhampton៕
អត្ថបទ៖នាង សុភាវុធ