ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ បានចាប់ផ្ដើមការប្រកួតជម្រុះតាមពូលនីមួយៗ ជាផ្លូវការហើយ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ទាំងផ្នែកបាល់ទាត់បុរស និងនារី ខណៈការប្រកួតជម្រុះតាមពូលនេះ បានធ្វើឡើង ១ថ្ងៃ ក្រោយពិធីបើកផ្លូវការ កាលពីថ្ងៃអាទិត្យកន្លងទៅ

សម្រាប់លទ្ធផលការប្រកួតថ្ងៃដំបូង នៃវិញ្ញាសាបាល់ទាត់បុរស ចំពោះពូលA គឺក្រុម Try All FC បានយកឈ្នះក្រុម Helpl To Buy FC ៣-១ ស្របពេលក្រុម ខណៈពូលB ក្រុមយុវជនវត្តសិរីបន្ទាយដែក បានប្រកួតស្មើក្រុមយុវជនមូស្លិមច្រាំងចំរេះ១ ដោយលទ្ធផល ២-២ នៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែកដូចគ្នា ។
ចំណែកលទ្ធផលការប្រកួតបាល់ទាត់បុរស ២គូទៀត ដែលធ្វើឡើងនៅទីលាន AUPP គឺក្រុម Chamkarmon Lion FC បានយកឈ្នះក្រុមយុវជនឬស្សីកែវ ៣-១ ក្នុងពូលC និងក្រុមដូណាត់រីករាយ បានយកឈ្នះក្រុមយុវជន ៧មករាច្រាំងចំរេះ១ ដោយលទ្ធផល ៤-១ ក្នុងពូលD ។

រីឯការប្រកួតបើកឆាកផ្នែកបាល់ទាត់នារីវិញ សម្រាប់ជំនួបបើកឆាកពូលA គឺក្រុមបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះក្រុម ស.ស.យ.ក រាជធានីភ្នំពេញ ដោយលទ្ធផល ៦-០ ។
គួរដឹងថា ពានរង្វាន់ Soccer Leaguer ឆ្នាំនេះ មានក្រុមចូលរួមប្រកួតសរុប ៦១ក្រុម ក្នុងនោះក្រុមបុរសមានចំនួន ៤៨ក្រុម និងក្រុមនារីមានចំនួន ១៣ក្រុម ដែលបានប្រារព្ធពិធីបើកការប្រកួតផ្លូវការ កាលពីថ្ងៃទី០៩ ខែមិថុនាកន្លងទៅ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជាច្រើន ដែលបានចូលរួមអបអរសាទរពិធីបើក និងការប្រកួតមិត្តភាពសប្បុរសធម៌ រវាងក្រុម ស.ស.យ.ក អលស្ដារ និងក្រុមផ្ការីកគ្រប់រដូវ របស់នាយ ពាក់មី ក្រោមមូលបទ «បេះដូងអ្នកីឡាដើម្បីកុមារកម្ពុជា» ។
ចំពោះការប្រកួតជម្រុះនេះដែរ សម្រាប់ក្រុមបាល់ទាត់បុរស បានបែងចែកចេញជា ១៦ពូល ខណៈក្រុមនារី បែងចែកចេញជា ៤ពូល ដោយគណៈកម្មការរៀបចំ គ្រោងនឹងរៀបចំការប្រកួតលើទីលានមួយចំនួន ក្នុងរាជធានីភ្នំពេញ ដូចជាទីលានវិទ្យាល័យបឹងត្របែក, ទីលានសាលកវិទ្យាល័យ អាម៉េរិកកាំងភ្នំពេញ (AUPP), ទីលានវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា, កីឡដ្ឋាន Smart RSN, កីឡដ្ឋាន AIA, KMH Park និងពហុកីឡដ្ឋានជាតិអូឡាំពិកជាដើម៕ អត្ថបទ លី ឈុនឡា


