
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃអង្គារនេះថា កងទ័ពប្រទេសរុស្ស៊ី និងបេឡារុស បានចាប់ផ្តើមធ្វើសមយុទ្ធនុយក្លេអ៊ែរតាកទិកលើកទី២ នៅក្នុងប្រទេសរុស្ស៊ី។
ក្រសួងនិយាយថា សមយុទ្ធនេះ មានបំណងធានាបានថាបុគ្គលិកយោធា និងយុទ្ធោបករណ៍ របស់ប្រទេសទាំងពីរ បានត្រៀមជាស្រេច ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដី។
ក្រសួងការពារជាតិ បាននិយាយថា អំឡុងការធ្វើសមយុទ្ធ បញ្ហានៃការបណ្តុះបណ្តាលអង្គភាពរួម នៃកងកម្លាំងប្រដាប់អាវុធរបស់សហព័ន្ធរុស្ស៊ី និងសាធារណៈរដ្ឋបេឡារុស សម្រាប់ប្រើប្រាស់បម្រើឲ្យការប្រយុទ្ធនៃអាវុធនុយក្លេអ៊ែរមិនមែនយុទ្ធសាស្ត្រ នឹងត្រូវបានត្រៀមរៀបចំ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែមុន បានបញ្ជាឲ្យយោធារបស់លោក អនុវត្តការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាកទិក បន្ទាប់ពីអ្វីដែលទីក្រុងមូស្គូបាននិយាយថា ជាការគំររាមកំហែងពីប្រទេសបារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។