
កាលពីព្រឹកថ្ងៃចន្ទម្សិលមិញ អគ្គិភ័យទ្រង់ទ្រាយធំមួយ បានឆាបឆេះអគារផ្ទះល្វែងកម្ពស់ ៤ជាន់ ស្ថិតក្នុងទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក ជាទីដែលក្រុមអាជ្ញាធរឆ្លើយតបអគ្គិភ័យនេះ រកឃើញផងដែរបុរសម្នាក់ដែលជាជនរងគ្រោះនៃការបាញ់ប្រហារ ។
អភិបាលក្រុង Miami លោក Francis Suarez និយាយថា ការហៅទូរស័ព្ទសុំជំនួយ បានធ្វើឡើងនៅវេលាម៉ោង ៨ និង ១៥នាទីព្រឹក ហើយមនុស្សយ៉ាងហោច ៤០នាក់ ត្រូវបានជួយសង្រ្គោះ រួមទាំងមនុស្សមួយចំនួនដែលបានជាប់ខ្លួននៅក្នុងបន្ទប់ឡៅតឿរបស់ពួកគេផងដែរ ។
លោក Suarez និយាយថា ភ្លាមៗបន្ទាប់ពីការជម្លៀសខ្លួនមនុស្ស មាននូវការផ្ទុះនៅអគារផ្ទះល្វែងកម្ពស់ ៤ជាន់ នេះ ហើយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យមកពី ៤០អង្គភាព បានឆ្លើយតបនឹងអគ្គិភ័យពេញមួយថ្ងៃ ។
សារព័ត៌មាន Miami Herald រាយការណ៍ថា បុរសម្នាក់គឺជានិយោជិកផ្ទះល្វែង Temple Court ដែលគេប្រទះឃើញនៅលើដំបូងអគារ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរ ។
ដោយឡែក ភ្នាក់ងារពន្លត់អគ្គិភ័យ ៣នាក់ និងអ្នកស្រុកម្នាក់រស់នៅក្នុងអគារផ្ទះល្វែង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអាជ្ញាធរ ពុំបាននិយាយថាតើ ករណីបាញ់ប្រហារ និងករណីអគ្គិភ័យ មានការជាប់ពាក់ព័ន្ធនឹងគ្នានោះទេ ៕