
បុគ្គលិកសិក្សា នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា (UC) រាប់ពាន់នាក់ ដែលបានធ្វើកូដកម្ម នៅបរិវេណសាលាចំនួនប៦ ដែលតវ៉ានឹងការឆ្លើយតបរបស់អ្នកគ្រប់គ្រង ចំពោះការតវ៉ាដែលគាំទ្រប៉ាឡេស្ទីន បានត្រឡប់ទៅធ្វើការវិញ នៅថ្ងៃទី១០ ខែមិថុនា ក្រោមដីការបស់តុលាការ ប៉ុន្តែសហជីពរបស់ពួកគេបានប្តេជ្ញាថា នឹងមានការតវ៉ាបន្ថែមទៀតនៅពេលខាងមុខ។
ចៅក្រមតុលាការកំពូលនៃតំបន់ Orange County កាលពីល្ងាចថ្ងៃទី៧ ខែមិថុនា បានចេញដីការារាំងបណ្តោះអាសន្នដែលស្វែងរកដោយសាកលវិទ្យាល័យ ដែលអះអាងថា កូដកម្ម គឺផ្តើមចេញពីបញ្ហាមិនពាក់ព័ន្ធនឹងការងារ និងថា ការធ្វើនេះបានរំលោភលើលក្ខខណ្ឌមិនមានកូដកម្ម នៅក្នុងកិច្ចសន្យារបស់សហជីព។
ដើមឡើយមន្ត្រីសាកលវិទ្យាល័យ បានដាក់ញត្តិទៅក្រុមប្រឹក្សាទំនាក់ទំនងការងារសាធារណៈរដ្ឋ California ប៉ុន្តែក្រុមប្រឹក្សានេះបានបដិសេធចំនួន ២ដង មិនទទួលយកសំណើរបស់ពួកគេ ដែលសុំឲ្យមានការហាមឃាត់។
គួរបញ្ជាក់ថា អ្នកស្រាវជ្រាវផ្នែកសិក្សារួម ជំនួយការបង្រៀនបញ្ចប់ការសិក្សា និងបញ្ញាវន្តក្រោយបណ្ឌិត បានលាឈប់ការងា ជុំអ្វីដែលពួកគេហៅថា ការអនុវត្តការងារមិនយុត្តិធម៌ក្នុងការគ្រប់គ្រងរបស់សាកលវិទ្យាល័យ ចំពោះបាតុកម្មដែលគាំទ្រប៉ាឡេស្ទីន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ការឈប់ពីការងារនេះត្រូវបានរៀបចំឡើងដោយសហជីព United Auto Workers (UAW) ដែលតំណាងឲ្យនិយោជិតសិក្សា ដែលមិនមានសិទ្ធិកាន់កាប់ការងារចំនួន ៤៨.០០០នាក់ នៅទូទាំងបរិវេណសាកលវិទ្យាល័យ UC ចំនួន១០ និងមន្ទីរពិសោធន៍ជាតិ Lawrence Berkeley។ កូដកម្មតវ៉ានេះ បានចាប់ផ្តើមកាលពីថ្ងៃទី២០ ខែឧសភា នៅបរិវេណសាលា UC Santa Cruz ហើយត្រូវបានពង្រីក ក្នុងរយៈពេល ២សប្តាហ៍បន្ទាប់៕