
ទីភ្នាក់ងារការពារព្រំដែនអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសហុងគ្រី បានឃាត់ខ្លួនពលរដ្ឋអ៊ុយក្រែនចំនួន ៣២នាក់ ដែលបានភៀសខ្លួនឆ្លងព្រំដែន ដោយជិះក្នុងរថយន្តដឹកទំនិញ។
អ្នកនាំពាក្យឆ្មាំព្រំដែនអ៊ុយក្រែន លោក Andriy Demchenko បានប្រាប់គេហទំព័រព័ត៌មាន Ukrainska Pravda កាលពីថ្ងៃចន្ទថា៖«ភាគីជិតខាងនេះ បានរាយការណ៍ថា ពួកគេ បានរកឃើញរថយន្តមួយគ្រឿង និងបានឃាត់ខ្លួនពលរដ្ឋអ៊ុយក្រែន ៣២នាក់»។
លោក Demchenko បានទទួលស្គាល់ថា មានការរំពឹងទុកថា រថយន្តដឹកទំនិញនេះ គឺជាកម្មសិទ្ធិរបស់យោធាអ៊ុយក្រែន ដោយផ្អែកលើថ្នាំលាបពណ៌បៃតង និងស្លាកលេខពណ៌ខ្មៅ ដែលជាធម្មតាឃើញ នៅលើរថយន្តរបស់កងទ័ព។
ប៉ុន្តែលោកថា រថយន្តដឹកទំនិញនេះ មិនត្រូវបានគេជឿថា បានមកពីយោធាទេ។
ដំបូងឡើយ ពុំទាន់មានការបញ្ជាក់ពីភាគីហុងគ្រីទេ។
ច្បាប់អាជ្ញាសឹក ត្រូវបានដាក់ក្នុងប្រទេសអ៊ុយក្រែន នៅពេលចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ី នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយបុរសដែលមានអាយុចូលបម្រើកងទ័ព ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេស ដោយមានករណីលើកលែងតិចតួច។
គួរកត់សម្គាល់ផងថា មានការប៉ុនប៉ងជាញឹកញាប់ដោយក្រុមបុរសដែលព្យាយាមភៀសខ្លួនដោយខុសច្បាប់ឆ្លងព្រំដែន ចូលទៅក្នុងបណ្តារដ្ឋសហភាពអឺរ៉ុបជិតខាង និងប្រទេសម៉ុលដូវ៉ា។