
ដោយដកស្រង់សម្តីរបស់មន្ត្រីក្រសួងការបរទេសអាមេរិក សារព័ត៌មាន Washington Post (Post) កាលពីថ្ងៃចន្ទ (ទី១០ ខែមិថុនា) បានរាយការណ៍ថា រដ្ឋបាលរបស់លោក Joe Biden នឹងដកបម្រាមរបស់ខ្លួន ដែលមិនអនុញ្ញាតឲ្យអង្គភាពយោធាអ៊ុយក្រែនប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិក។
សារព័ត៌មាន Post បានឲ្យដឹងថា ក្រសួងការបរទេសបានកែប្រែការហាមឃាត់ដែលមានអាយុកាលមួយទសវត្សរ៍លើកងពលតូច Azov មិនឲ្យប្រើប្រាស់ការហ្វឹកហ្វឺន និងអាវុធរបស់អាមេរិក បន្ទាប់ពីការវិភាគថ្មីមួយបានរកឃើញថា មិនមានភស្តុតាងពីការរំលោភសិទ្ធិមនុស្សរបស់អង្គភាពនេះនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលសារព័ត៌មានទទួលបាន ក្រសួងការបរទេសបានប្រាប់ឲ្យដឹងថា៖ «បន្ទាប់ពីការត្រួតពិនិត្យយ៉ាងម៉ត់ចត់ កងពលតូចពិសេសទី១២ Azov របស់អ៊ុយក្រែន បានឆ្លងផុតការពិនិត្យរបស់ច្បាប់ Leahy ដូចដែលបានធ្វើឡើងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក»។
ក្រសួងការបរទេសអាមេរិកមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មាន Reuters។ ច្បាប់ Leahy រារាំងជំនួយយោធារបស់សហរដ្ឋអាមេរិកដល់អង្គភាពបរទេសដែលបានរកឃើញថា បានប្រព្រឹត្តល្មើសរំលោភសិទ្ធិមនុស្ស។
គួរបញ្ជាក់ថា កងវរសេនាធំ Azov ដែលមានឫសគល់ពីពួកស្តាំនិយម និងជាតិជ្រុលនិយម គឺជាផ្នែកមួយនៃកងឆ្មាំជាតិរបស់អ៊ុយក្រែន ហើយបានវិវត្តចេញពីកងវរសេនាតូច ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៤ ហើយបានប្រយុទ្ធប្រឆាំងនឹងពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី ដែលបានបែកចេញពីតំបន់បំបែកនៅភាគខាងកើតអ៊ុយក្រែន៕