ប៉ៃលិន ៖ នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយដ្ឋានចំណេះដឹងព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន ក្រសួងបរិស្ថាន នៅថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា ក្រោមប្រធានបទ «ការកែប្រែគុណភាពដី ដីរហោស្ថានកម្ម និងធន់នឹងគ្រោះរាំងស្ងួត»។ទិវានេះ រៀបចំធ្វើឡើងនៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត-ក្រុងប៉ៃលិន ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សទូទាំងខេត្តប៉ៃលិនប្រមាណ៤០០នាក់ ។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំទិវាបរិស្ថានពិភពលោក៥ មិថុនា គឺជាវេទិកាដ៏មានឥទ្ធិពលមួយក្នុងការពន្លឿនពង្រីក និងចូលរួមជាមួយប្រជាជនសហគមន៍ និងរដ្ឋាភិបាលនៅជុំវិញពិភពលោក ដើម្បីចាត់វិធានការលើបញ្ហាបរិស្ថានសំខាន់ៗ ដែលកំពុងប្រឈមនឹងភពផែនដី។
ឯកឧត្តមបន្តថា ដើម្បីចូលរួមក្នុងចលនាពិភពលោក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យក ថ្ងៃទី៥ ខែមិថុនា ជា «ទិវាបរិស្ថានជាតិ» តាមរយៈ អនុក្រឹត្យ លេខ១៥ អនក្រ-បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦។ ជាមួយនឹងសេចក្តីអនុម័តនេះ ក្រសួងបរិស្ថាន បានប្រារព្ធទិវាបរិស្ថានជាតិ រួមជាមួយនឹងការប្រារព្ធទិវាបរិស្ថានពិភពលោក។ ចាប់តាំងពីពេលបង្កើតទិវានេះមក យុទ្ធនាការបរិស្ថានជាតិ និងបរិស្ថានពិភពលោក ត្រូវបានរៀបចំឡើងនៅទូទាំងប្រទេស គ្រប់រាជធានី-ខេត្ត នៅតាមទីតាំងផ្សេងៗគ្នាទូទាំងប្រទេស ដោយបានសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។
លោក ហែម ឬទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋបន្តចូលរួមអនុវត្តអោយកាន់តែសកម្មនូវគោលការណ៍ណែនាំរបស់ក្រសួងបរិស្ថាន និងយកចិត្តទុកដាក់គ្រប់គ្រងលើសំណល់ដែលយើងបានបញ្ចេញ និងចូលរួមដាំដើមឈើឡើងវិញ និងថែរក្សាធនធានដែលមានស្រាប់ឱ្យមាននិរន្តរភាព។
លោកស្រី គង់ កុសល នាយកគ្រប់គ្រងនាយកដ្ឋានពាណិជ្ជកម្ម តំណាងអ្នកឧកញ៉ា សំអាង វឌ្ឍ: អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានបញ្ជាក់ថា ក្នុងនាមវិស័យឯកជន ក្រុមហ៊ុនសូមធ្វើការគាំទ្រ និងចូលរួមគោលនយោបាយវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ដើម្បីបរិស្ថានយើងស្អាត និងបៃតង។
គួរបញ្ជាក់ដែរថា ទិវាបរិស្ថានជាតិ និងពិភពលោក ៥ មិថុនា រៀបចំឡើងដើម្បីលើកកកម្ពស់ការយល់ដឹង និងស្រឡាញ់បរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ អត្ថបទ៖ ទូច សោភ័ណ











