នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ សាលាខណ្ឌ៧មករា បានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធាន និងសមាជិកក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តមកែ ប៊ុនឡេង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានី និងឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ។

អង្គពិធីនេះ ក៏មានការអញ្ចើញចូលរួមពីលោកថេង សុថុល អភិបាលខណ្ឌ៧មករា លោកលោកស្រីគណៈអភិបាលរងខណ្ឌទាំងអស់ និងកងកម្លាំង មន្ត្រីរាជការចំណុះសាលាខណ្ឌជាច្រើនរូបទៀតផងដែរ។
លោកថេង សុថុល អភិបាលខណ្ឌ៧មករា បានថ្លែងថា ក្នុងរយៈពេល៥ឆ្នាំ គណៈអភិបាលខណ្ឌ បានសហការល្អជាមួយក្រុមប្រឹក្សា ដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ទទួលបាននូវសូចនករមួយប្រកប ដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសចាត់វិធានការក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ និងលុបបំបាត់នូវរាល់សកម្មភាពអសកម្មមួយចំនួន ដើម្បីធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អ។

ឈ្លៀតក្នុងអង្គពីធីខាងលើនេះដែរ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា៖ ក្រុមប្រឹក្សាខណ្ឌត្រូវបានតំណាងប្រជាពលរដ្ឋផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខណ្ឌ៧មករាអាណត្តិទី៤ ដើម្បីបន្តដឹកនាំ សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍឲ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ក្នុងការអនុវត្តការងារជាសមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ ។

លោកសោម សុវណ្ណ ក្រុមប្រឹក្សាខណ្ឌ៧មករាបន្តអាណត្តិ បានប្តេជ្ញាខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំថ្នាក់រដ្ឋបាលខណ្ឌ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងគោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ អនុវត្តឱ្យបានតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ប្តេជ្ញាបំពេញភារកិច្ច ដោយអនុលោមតាមគោលការណ៍ លិខិតបទដ្ឋានពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់។ ប្តេជ្ញាចូលរួមពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។
ក្នុងនាមជាប្រធានក្រុមប្រឹក្សា អាណត្តិថ្មីនេះ រូបលោកនឹងបន្តដាក់ចេញផែនការការងារថ្មីៗសំខាន់ជាបន្តបន្ទាប់ ពិសេសការបន្តពង្រឹងលើកិច្ចការងារបម្រើ និងការផ្តល់សេវាឱ្យបានល្អប្រសើរបំផុតជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ៕ លីហេង







