ភ្នំពេញ ៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងជាអ្នកគ្រប់គ្រងមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក បានបញ្ជាក់ថា មណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក គ្រោងរៀបចំបន្ថែមជិត៥០០០គ្រែ ដែលគិតមកត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានរៀបចំរួចរាល់គ្រែជាង៣០០០គ្រែ ដើម្បីត្រៀមទទួលអ្នកជំងឺកូវីដ-១៩ ឲ្យចូលមកសម្រាកព្យាបាលជំងឺមនុស្សពេញវ័យ និងកុមារ។
លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានឲ្យដឹងទៀតថា បច្ចុប្បន្នមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩មួយនេះ បានរៀបចំរួចជាស្រេចចំនួនគ្រែ និងគ្រោងរៀបចំបន្ថែមចំនួន១២០០គ្រែទៀត សរុបទាំងអស់ជិត៥០០០គ្រែ ឲ្យរួចរាល់ក្នុងខែសីហានេះ ហើយព្រមទាំងដាក់ដំណើរការមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ជាមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ធំជាងគេប្រចាំប្រទេសកម្ពុជា នៅចុងខែសីហា ឆ្នាំ២០២១នេះផងដែរ។ ប៉ុន្តែសភាពការណ៍ចំនួនករណី អ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញប៉ុន្មានថ្ងៃនេះ មានការធ្លាក់ចុះ។ ដូច្នេះចំនួនអ្នកជំងឺដែលចូលមកសម្រាកក្នុងមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ក៏មានការធ្លាក់ចុះផងដែរ។
ចំនួនជាង៣០០០គ្រែនេះ យើងមានតែអ្នកជំងឺចំនួនជាង១៦០០នាក់ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងមណ្ឌលថែទាំព្យាបាល ក៏ប៉ុន្តែអ្នកជំងឺដែលស្ថិតក្នុងកម្រិតធ្ងន់ធ្ងរនៅមានចំនួនច្រើននៅឡើយ មិនទាន់ធ្លាក់ចុះដូចករណីជំងឺស្រាលនោះទេ។ ដោយហេតុថាជំងឺស្រាលបានធ្លាក់ចុះនេះ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា មានផែនការ នឹងអនុញ្ញាតឲ្យករណីអ្នកឆ្លងជំងឺកូវីដ-១៩ អាចព្យាបាលនៅសហគមន៍ តាមផ្ទះបាន។
លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានសង្កត់ធ្ងន់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែសីហានេះ មានអ្នកជំងឺចំនួនជាង១៦០០នាក់ កំពុងសម្រាកព្យាបាល នៅក្នុងមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានចំនួន១១អគារ ហើយសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ដែលក្រុមការងារគ្រូពេទ្យរៀបចំសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសម្ភារៈដែលប្រើបា្រស់នៅក្នុងផ្នែកជំងឺធ្ងន់ ដូចក្នុងមនី្ទរពេទ្យរដ្ឋថ្នាក់ជាតិដទៃៗទៀតដែរ ដូចជា៖ ម៉ាស៊ីនសម្រាប់តាមដានសញ្ញាជីវិតរបស់អ្នកជំងឺ ម៉ាស៊ីនសប់ដង្ហើម ម៉ាស៊ីនបូមស្លេះ ម៉ាស៊ីនថត ម៉ាស៊ីនព្យួរសេរ៉ូម ព្រមទាំងបរិក្ខារមួយចំនួនទៀតដែលយើងកំពុងប្រើបា្រស់ក្នុងការងារខាងលើនេះ៕
អត្ថបទ រដ្ឋា