
មន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់ នៅថ្ងៃអង្គារ (ទី១១ ខែមិថុនា) បាននិយាយថា បុរសជនជាតិចិនម្នាក់ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីបានជិះទូកល្បឿនលឿនរបស់លោកចូលកំពង់ផែទីក្រុងតៃប៉ិដោយខុសច្បាប់នោះ គឺជាអតីតកាពីទែនទ័ពជើងទឹក ដែលអាចកំពុងស៊ើបអង្កេតការការពាររបស់កោះនេះ។
គួរបញ្ជាក់ថា ឆ្មាំសមុទ្ររបស់កោះតៃវ៉ាន់ បានចាប់ខ្លួនបុរសនោះ កាលពីថ្ងៃទី៩ ខែមិថុនា នៅឯតំបន់ឆ្នេរសមុទ្រ Tamsui បន្ទាប់ពីទូករបស់ជននោះបានចូលទៅក្នុងផ្លូវទឹកដែលតម្រង់ឆ្ពោះទៅទីក្រុងតៃប៉ិ ជាឧប្បត្តិហេតុមួយ ដែលបានកើតឡើងចំពេលភាពតានតឹងកំពុងបន្តមាន រវាងកោះតៃវ៉ាន់ និងចិន។
លោកស្រី Kuan Bi-ling ប្រធានក្រុមប្រឹក្សាកិច្ចការសមុទ្ររបស់កោះតៃវ៉ាន់ ដែលគ្រប់គ្រងឆ្មាំល្បាតសមុទ្រ បានប្រាប់អ្នកសារព័ត៌មាន នៅឯសភាថា បុរសនោះ «កែប្រែខ្លួនបន្លំឲ្យមានភាពថ្លៃថ្នូរ និងស្អាតស្អំបានយ៉ាងល្អប្រសើរ» ហើយកាលពីមុនធ្លាប់បម្រើការជាកាពីទែនកងទ័ពជើងទឹកចិន។
លោកស្រី Kuan បាននិយាយថា ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ មានករណីស្រដៀងគ្នាចំនួន ១៨លើក ដោយភាគច្រើនពាក់ព័ន្ធនឹងកោះគ្រប់គ្រងដោយកោះតៃវ៉ាន់ ដែលស្ថិតនៅជាប់ឆ្នេរសមុទ្រចិន។ ដោយសំដៅលើសមត្ថភាពរបស់កោះតៃវ៉ាន់ក្នុងការស្វែងរកនាវាបែបនេះ លោកស្រីបានប្រាប់ថា៖ «ដោយក្រឡេកមើលករណីដែលត្រូវប្រមូលកាលពីអតីតកាល យើងមិនអាចច្រានចោលបាននោះឡើយថា នេះគឺជាការសាកល្បង»។
ទាំងការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់របស់ចិន និងក្រសួងការពារជាតិរបស់ប្រទេសនេះ មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។
ចំណែកអាជ្ញាធរការពារជាតិកកោះតៃវ៉ាន់ លោក Wellington Koo ដែលបាននិយាយទៅកាន់អ្នកសារព័ត៌មាននៅឯសភាផងដែរនោះ បានប្រាប់ថា ឧបទ្ទវហេតុទូកអាចជាឧទាហរណ៍មួយផ្សេងទៀតនៃយុទ្ធសាស្ត្រ «តំបន់ប្រផេះ» (សកម្មភាពបង្កគ្រោះថ្នាក់ដល់រដ្ឋដទៃ) របស់ចិន ប្រឆាំងនឹងកោះនេះ៕