
មន្រ្តីសុខភាពសាធារណៈនិយាយនៅថ្ងៃអង្គារនេះថា រលកកម្តៅ បានសម្លាប់មនុស្សយ៉ាងហោច ៤១នាក់នៅរដ្ឋភាគខាងកើត Odisha ប្រទេសឥណ្ឌា ។
រដ្ឋាភិបាលឥណ្ឌា និយាយកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោច ៨នាក់ បានស្លាប់ដោយសារជំងឺសុរិយារោគ ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ ។
មជ្ឈមណ្ឌលប្រតិបត្តិការសង្រ្គោះបន្ទាន់រដ្ឋ និយាយថា មនុស្សសរុប ១៥៩នាក់ សង្ស័យស្លាប់ដោយសារជំងឺសុរិយារោគ ត្រូវបានរាយការណ៍ថាកើតមាននៅរដ្ឋ Odisha ក្នុងរដូវក្តៅនេះ ។
ក្រសួងឧតុនិយមឥណ្ឌា បានប្រកាសពីរលកកម្តៅ ពេលដែលសីតុណ្ហភាពក្នុងតំបន់កើនឡើងពី ៤,៥អង្សាសេ ដល់ ៦,៤អង្សាសេ ខ្ពស់ជាងសីតុណ្ហភាពធម្មតា ។ ទីក្រុង Bhubaneswar របស់រដ្ឋ Odisha រកឃើញសីតុណ្ហភាពអតិបរមា ៣៩អង្សាសេ កាលពីថ្ងៃចន្ទ ។
ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា សីតុណ្ហភាពក្តៅខ្លាំងនៅទូទាំងតំបន់អាស៊ី ក្នុងរយៈពេល ១ខែកន្លងមកនេះ បានកាន់តែអាក្រក់ទៅដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុបង្កឡើងដោយសារមនុស្ស ៕