
នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី Mette Frederiksen នៅថ្ងៃអង្គារ (ទី១១ ខែមិថុនា) បាននិយាយថា លោកស្រីមិនទាន់ស្រួលបួលទាំងផ្លូវកាយ និងផ្លូវចិត្តនៅឡើយទេ បន្ទាប់ពីមានការវាយប្រហារនៅកណ្តាលទីក្រុង Copenhagen កាលពីសប្តាហ៍មុន ហើយបានព្រមានអំពីការបំពានដោយហិង្សាបន្ថែមទៀត នៅទីសាធារណៈ។
គួរបញ្ជាក់ថា បុរសជនជាតិប៉ូឡូញវ័យ ៣៩ឆ្នាំម្នាក់ ត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំង ពីបទវាយដំរាងកាយដែលបណ្តាលលោកស្រីនាយករដ្ឋមន្ត្រីរងរបួសកបន្តិចបន្តួច។ ក្រុមអាជ្ញាធរបាននិយាយថា ជនដៃដល់ស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងថ្នាំញៀន នាពេលនោះ ហើយមិនមានអ្វីដែលបង្ហាញពីហេតុផលនយោបាយនោះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ DR លោកស្រី Frederiksen បាននិយាយថា៖ «ខ្ញុំមិនទាន់ជាទាំងស្រុងនៅឡើយទេ។ ខ្ញុំត្រូវធ្វើការងារជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ ហើយខ្ញុំតែងតែធ្វើ។ ខ្ញុំក៏អាចធ្វើបានផងដែរ នៅចុងសប្តាហ៍ ប៉ុន្តែមិនធម្មតាដូចខ្ញុំធ្វើកន្លងមកនោះទេ»។
សូមបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើងត្រឹមតែ៣ សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក លោក Robert Fico បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍ប៉ុនប៉ងធ្វើឃាត។ លោកស្រី Frederiksen បាននិយាយថា លោកស្រីបានឃើញការប្រែប្រួលខុសពីធម្មតា នៅទីសាធារណៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕