យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល មន្ត្រីអ៊ីស្រាអែលមួយរូបបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ថា ក្រុមហាម៉ាស បានច្រានចោលសំណើដែលត្រូវបានពង្រាងដោយសហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅក្នុងដែនដីហ្កាហ្សាស្ទ្រីប ។

សារព័ត៌មាន Times of Israel បានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលសុំមិនបញ្ចេញឈ្មោះមួយរូបថា ល្ងាចនេះ អ៊ីស្រាអែលបានទទួលដំណឹងតាមរយៈក្រុមអ្នកសម្របសម្រួល ដែលជាការឆ្លើយតបរបស់ក្រុមហាម៉ាស។ នៅក្នុងការឆ្លើយតបរបស់ខ្លួន ក្រុមហាម៉ាស បានច្រានចោលសំណើសុំដោះលែងចំណាប់ខ្មាំងដែលត្រូវបានបង្ហាញដោយលោកប្រធានាធិបតី Biden ។
មន្ត្រីរូបនេះបាននិយាយថា ក្រុមហាម៉ាស បានផ្លាស់ប្តូរលក្ខខណ្ឌសំខាន់នៃសំណើនេះ។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters មន្ត្រីក្រុមហាម៉ាសមួយរូប បាននិយាយថា ក្រុមនេះគ្រាន់តែបញ្ជាក់ឡើងវិញនូវការទាមទារជាយូរមកហើយរបស់ខ្លួន ដែលមិនបានបំពេញតាមផែនការដែលបានស្នើឡើង។
មន្ត្រីក្រុមហាម៉ាស ដែលនិយាយសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ក្នុងការឆ្លើយតបរបស់ខ្លួនថា ក្រុមនេះបានអះអាងជំហររបស់ខ្លួនជាថ្មីថា បទឈប់បាញ់ត្រូវតែឈានដល់ការបញ្ចប់អរិភាពជាអចិន្ទ្រៃយ៍នៅក្នុងដែនដីហ្កាហ្សា ដូចជាការដកកងកម្លាំងអ៊ីស្រាអែល ការកសាងឡើងវិញក្នុងដែនដីប៉ាឡេស្ទីន ដែលត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធ និងការដោះលែងអ្នកទោសប៉ាឡេស្ទីននៅក្នុងប្រទេសអ៊ីស្រាអែល។
យើងបានបញ្ជាក់ជំហរចាស់របស់យើងឡើងវិញ។ ខ្ញុំជឿជាក់ថាគ្មានចន្លោះប្រហោងអ្វីនៅសល់ទៀតឡើយ។ ឥឡូវនេះកូនបាល់ គឺនៅក្នុងកណ្ដាប់ដៃរបស់អ៊ីស្រាអែល៕

