នគរបាលបាននិយាយកាលពីថ្ងៃអង្គារ (១១ មិថុនា) ថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនពីបទចាក់ឱ្យមានរបួសលើគ្រូបង្រៀនមហាវិទ្យាល័យជនជាតិអាមេរិក ៤ នាក់នៅភាគឦសានប្រទេសចិន ដែលទីក្រុងប៉េកាំង បានពណ៌នាការវាយប្រហារនោះថាជាឧបទ្ទវហេតុ «ដាច់ដោយឡែក»។

សាស្ត្រាចារ្យទាំងបួននាក់ ដែលបានរងរបួសនៅក្នុង «ឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរ» នោះ កំពុងស្ថិតក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សា និងធ្វើការជាគ្រូបង្រៀននៅមហាវិទ្យាល័យ ខនែល (Cornell) ក្នុងរដ្ឋ អាយអូវ៉ា (Iowa) សហរដ្ឋអាមេរិក។ ការវាយប្រហារបានកើតឡើងកាលពីថ្ងៃចន្ទ នៅក្នុងសួនសាធារណៈក្នុងខេត្ត ជីលីន (Jilin) ជាទីដែលនគរបាលបានបញ្ជាក់ថាពួកគេបានចាប់ខ្លួនជនសង្ស័យ ដែលជាបុរសវ័យ ៥៥ ឆ្នាំម្នាក់។
នគបាលមូលដ្ឋានបាននិយាយថា៖ «ជនសង្ស័យនោះមានឈ្មោះលោក សួយ (Cui) ត្រូវបានចាប់ខ្លួននៅក្នុងថ្ងៃតែមួយដែលការវាយប្រហារបានកើតឡើង»។ អ្នកនាំពាក្យ លោក លីន ជាន (Lin Jian) បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសថា «នគរបាលបានវិនិច្ឆ័យជាបឋមថាករណីនេះជាសំណុំរឿងដាច់ដោយឡែក ហើយការស៊ើបអង្កេតបន្ថែមទៀតកំពុងដំណើរការ»។
សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះឧប្បត្តិហេតុនេះ ដោយបន្ថែមថា ក្រុមអ្នកការទូតអាមេរិក បានជួបនិយាយជាមួយជនរងគ្រោះ។ អភិបាលរដ្ឋ អាយអូវ៉ា លោកស្រី គីម រ៉េយណលស៍ (Kim Reynolds) បាននិយាយថា លោកស្រី «កំពុងទាក់ទងជាមួយគណៈប្រតិភូសហព័ន្ធរបស់រដ្ឋ អាយអូវ៉ា និងនាយកដ្ឋានរដ្ឋ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដ៏គួរឱ្យរន្ធត់នេះ»៕

