ប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ ស្សេនបូម(Claudia Sheinbaum) កាលពីថ្ងៃអង្គារ បានព្យាយាមធ្វើឲ្យស្ងប់ស្ងាត់ការព្រួយបារម្ភរបស់វិនិយោគិន ជុំវិញការកែប្រែប្រព័ន្ធតុលាការដែលបានស្នើឡើង ដោយសន្យាថាប្រទេសនេះនឹងរក្សានីតិរដ្ឋរបស់ខ្លួន ខណៈបាននិយាយថា លោកស្រីមានផែនការជំរុញការធ្វើកំណែទម្រង់។ លោកស្រី Sheinbaum បាននិយាយក្នុងសន្និសិទសារព័ត៌មានថា សាររបស់លោកស្រី សូមឲ្យអ្នកវិនិយោគកុំមានការព្រួយបារម្ភ ទោះបីជាប្រាក់ប៉េសូ បានធ្លាក់ចុះប្រហែល ១,៥ភាគរយ ទល់នឹងនឹងប្រាក់ដុល្លារ កាលពីថ្ងៃអង្គារក៏ដោយ។

ក្រុមចម្រុះដែលកំពុងកាន់អំណាច ដឹកនាំដោយគណបក្ស Morena របស់លោកស្រី Sheinbaum ទទួលបានលទ្ធផលល្អប្រសើរជាងការរំពឹងទុកនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២ ខែមិថុនា ដោយផ្តល់ឱ្យក្រុមនេះនូវសំឡេងភាគច្រើននៅក្នុងសភាជាន់ទាប ដោយធ្វើឱ្យស្ថិតក្នុងជំហររឹងមាំដើម្បីអនុម័តកំណែទម្រង់រដ្ឋធម្មនុញ្ញ នៅពេលដែលសភាថ្មីចូលកាន់តំណែង។
អ្នករិះគន់ ព្រួយបារម្ភថាការកែទម្រង់នេះនឹងកែប្រែតុល្យភាពអំណាចនៅក្នុងប្រទេសម៉ិកស៊ិក ដោយជួយសម្រួលដល់ការដណ្តើមគ្រប់គ្រងផ្នែកនយោបាយរបស់តុលាការ និងដកចេញការត្រួតពិនិត្យ និងតុល្យភាពសំខាន់ៗ។
ខណៈសភាជាប់ឆ្នោតថ្មីនឹងចូលកាន់តំណែងនៅដើមខែកញ្ញា ប៉ុន្តែលោកស្រី Sheinbaum នឹងមិនត្រូវបានចូលកាន់តំណែងនោះទេ រហូតដល់មួយខែក្រោយ គឺនៅខែតុលា ដោយផ្តល់ឱ្យប្រធានាធិបតី លោក Andres Manuel Lopez Obrador និងសមាជិកសភា នូវច្រកដើម្បីព្យាយាមធ្វើកំណែទម្រង់របស់លោក។