បន្ទាយមានជ័យ ៖ នៅសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី កាន់មុខតំណែងក្រុមប្រឹក្សាក្រុងសិរីសោភ័ណ អាណត្តិទី៤។

ថ្លែងក្នុងពិធីប្រកាសក្រុមប្រឹក្សាក្រុង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ បានជំរុញណែនាំដល់រដ្ឋបាលក្រុង ស្រុក ក៏ដូចជាក្រុមប្រឹក្សាក្នុងអាណត្តិថ្មី ចូលរួមលើកិច្ចការងារផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្តម អ៊ុំ រាត្រី ក៏បានផ្តោតទៅលើការផ្តល់សេវាសាធារណៈសំខាន់ចំនួនពីរចំណុចធំៗដែលត្រូវដោះស្រាយ ទី១-សេវាសំណូមពរ, ទី២-សេវាតម្រូវការ។ ក្នុងចំណោមសេវាទាំង២ ឯកឧត្តម បានសង្កត់ធ្ងន់ទៅលើការផ្តល់សេវាតម្រូវការ គឺជារឿងចាំបាច់បំផុតដែលយើងត្រូវដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានលឿន ដូចជាការធ្វើសំបុត្រកំណើត សៀវភៅស្នាក់នៅ សំបុត្រអាពាហ៍ពិពាហ៍ជាដើម ដែលជាតម្រូវការចំបាច់របស់ប្រជាពលរដ្ឋ ក្នុងនាមយើងជាអ្នកផ្តល់សេវាត្រូវដោះស្រាយជូនពួកគាត់ឱ្យបានឡើយតាមតែអាចធ្វើទៅបាន។

ដោយឡែកពាក់ព័ន្ធទៅនឹងបញ្ហាប្រឈមនានានៅមូលដ្ឋាន ឯកឧត្តម អភិបាលខេត្ត ណែនាំទៅដល់មូលដ្ឋានទាំងអស់ ត្រូវធ្វើការដោះស្រាយអស់លទ្ធភាពតាមអ្វីដែលអាចធ្វើទៅបាន។ ហើយឯកឧត្តម ក៏បានសង្កត់ធ្ងន់ផងដែរថា ការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការ គឺជាផ្នែកមួយក្នុងការជួយសម្រួលដោះស្រាយរាល់បញ្ហាប្រឈមនៅមូលដ្ឋាន ដូច្នេះថ្នាក់ដឹកនាំក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការទៅតាមលទ្ធភាពអាចធ្វើទៅបាន ដោយផ្អែកតាមយុទ្ធសាស្រ្តឈ្នះឈ្នះ៕ អត្ថបទ រឿង ចន្ទ្រា






