ពោធិ៍សាត់៖ បន្ទាប់ពីប្រកាសចូលកាន់មុខតំណែងជាផ្លូវការ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ អាណត្តិទី៤ ទាំង២១រូប បានអញ្ជើញធ្វើពិធីបួងសួង សុំសេចក្ដីសុខសេចក្ដីចម្រើន ពីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដើម្បីសុំការអនុញ្ញាតចូលបម្រើការងារ ជាសមាជិកក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លឹម សុខតូ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពមួយចំនួនផងដែរ។

កម្មវិធីបានដំណើរការទៅតាមទំនៀមទំលាប់ ដោយមានរៀបចំរណ្ដាប់សែនព្រេនគ្រប់មុខ មានទាំងម្ហូបអាហារ ស្លាម្លូ នំចំណី ផ្លែឈើ ភេសជ្ជៈ ព្រមទាំងធ្វើពិធីថ្វាយទៀនធូប ផ្កាភ្ញី ប្រេងម្ស៉ៅ និងប្រោះព្រំសុគន្ធវារី រំលឹកដល់វិញ្ញានក្ខន្ធអ្នកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ មានបារមីខ្លាំងពូកែស័ក្កសិទ្ធ មកស្ថិតនៅផ្ដល់សេចក្ដីសុខសេចក្ដីចម្រើន ដល់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ទាំង២១រូប ក៍ដូចជាឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំខេត្តទាំងអស់ មានសុខភាពល្អ ជួបតែសេចក្ដីសុខ និងសម្រេចជោគជ័យគ្រប់ភារកិច្ច និងបួងសួងសុំឲ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ តាមជួយថែរក្សាប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ឱ្យមានសេចក្ដីសុខសេចក្ដីចម្រើន មានលាភយសសក្កិ ប្រជាពលរដ្ឋមានមុខរបរ បង្កបង្កើនផលទទួលបានភោគផលគ្រប់ទីកន្លែង និងចៀសផុតពីជំងឺកាចសាហាវផ្សេងៗ។ ហើយក្រុមប្រឹក្សាខេត្តពោធិ៍សាត់អាណត្តិទី៤ ទាំង២១រូប សូមធ្វើការប្តជ្ញា ខិតខំជំរុញ និងបំពេញភារកិច្ចដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងចូលរួមការអភិវឌ្ឍមូលដ្ឋានខេត្តពោធី៍សាត់ឱ្យកាន់តែរីកចម្រើន ប្រកបដោយតម្លាភាព និងគណនេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋ ធានាបានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕ អត្ថបទ និងរូបភាព ៖ ភិរុណ ពៅ










