នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័នមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិល បានលើកឡើងថា ការងារសម្ព័ន្ធមេត្រីភាពពិតជាមានសារសំខាន់ណាស់សម្រាប់កងយោធពលខេមរភូមិន្ទ ខណៈ កម្មវិធីនេះគឺមានការជួយទ្រទ្រង់ពីសំណាក់ស្ថាប័នស៊ីវិលដល់កងទ័ព ដូចជាការស្ថាបនាសំណង់អគារ លេណដ្ឋាន អគារ និងហេដ្ឋារចនាសម្ព័ន្ធនានាជាដើម។
ក្នុងកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាដកពិសោធន៍ លើការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិលទិសភូមិភាគទី៥ នាថ្ងៃទី១២ខែមិថុនា ឆ្នាំ ២០២៤នេះ នៅទីស្តីការក្រសួងការពារជាតិ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី បានលើកឡើងថា ការងារសម្ព័ន្ធមេត្រីភាពគឺជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តគិតគូរនិងយកចិត្តទុកដាក់ ជំរុញនិងលើកទឹកចិត្តឱ្យមានការចងសម្ព័ន្ធមេត្រីភាពនេះបន្តទៅមុខទៀត ដើម្បីលើកស្ទួយជីវភាព និង សុខុមាលភាពរបស់កងទ័ពនិងក្រុមគ្រួសារកងទ័ព។
លោកជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានបន្ថែមទៀតថា ការងារសម្ព័ន្ធមេត្រីភាពពិតជាមានសារសំខាន់ណាស់សម្រាប់កងយោធពលខេមរភូមិន្ទ ទោះក្នុងកាលៈទេសៈណាក៏ដោយ កងទ័ពបានបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ក្នុងកិច្ចការ ពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាចូលរួមចំណែករក្សានូវស្ថិរភាព និងសុខសន្តិភាពជូនប្រជាជនកម្ពុជា។ ហេតុនេះស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែកស្របតាមទិសស្លោក «សមរភូមិក្រោយជួយ សមរភូមិមុខ»។ សម្រាប់ក្នុងឆ្នាំ២០២៤នេះ គឺមានអង្គភាពនៃកងយោធពលខេមរភូមិន្ទមួយចំនួនទទួលបានការអនុញ្ញាតឲ្យចងសម្ព័ន្ធមេត្រីភាពជាមួយស្ថាប័ន អង្គភាពស៊ីវិលបន្ថែមទៀតផងដែរ។
លោកជំទាវបានលើកឡើងទៀតថា សម្រាប់ឆ្នាំ២០២៤នេះ ដោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សិក្ខាសាលាសម្ព័ន្ធមេត្រីភាពនឹងរៀបចំឡើងនៅទិសយោធភូមិភាគទី៥ គោលបំណងសំខាន់របស់អង្គសិក្ខាសាលា គឺដើម្បីបន្តលើកទឹកចិត្តដល់ទំនាក់ទំនងដៃគូសម្ព័ន្ធមេត្រីភាព បន្តប្រពៃណីសិល្បៈនៃការចែករំលែក នៃការងារសម្ព័ន្ធមេត្រីភាព ឱ្យបានសកម្មថែមទៀត ដើម្បីពង្រឹងនិងពង្រីកសមិទ្ធផលការងារសម្ព័ន្ធមេត្រីភាព និងតម្រង់ទិសឱ្យមានគុណប្រយោជន៍ និងជាយុទ្ធសាស្ត្រយូរអង្វែង។បង្វែរទិសមួយផ្នែកនៃជំនួយសម្ព័ន្ធមេត្រីភាពបម្រើទស្សនៈវិស័យយូរអង្វែង ដូចជាការស្ថាបនាសំណង់អគារ លេណដ្ឋាន អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា, រួមគ្នាជាមួយដៃគូរសម្ព័ន្ធមេត្រីភាពដែលមានស្រាប់ សហការផ្តួចផ្តើមគម្រោងអភិវឌ្ឍន៍ ដើម្បីទ្រទ្រង់ដល់ជីវភាពនិងសុខមាលភាពយោធិន គ្រួសារយោធិន និងយោធិនត្រៀមចូលនិវត្តន៍,បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ដល់យោធិន គ្រួសារយោធិននិងយោធិនត្រៀមចូលនិវត្តន៍ជាដើម៕ អត្ថបទបាន ចក់






